ខេត្តកណ្តាល ៖ ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្តាល អាជ្ញាធរបានរកឃើញថ្នាំញៀន ជាង២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន ហើយក្នុងនោះជនជាតិឥណ្ឌាម្នាក់ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងផ្ទះវីឡាលេខ៨ តាមផ្លូវបេតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិឥណ្ឌា ពាក់ព័ន្ធនឹង ករណីផលិត រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន។ បុរសជនជាតិឥណ្ឌានោះ ត្រូវបញ្ជូនទៅតុលាការ ខណៈជនសង្ស័យ២នាក់ទៀត (ជន ជាតិប៉ាគីស្ថានម្នាក់ និងជនជាតិឥណ្ឌាម្នាក់) កំពុងត្រូវបានកម្លាំងជំនាញតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន តែងតែស្វែងរកទីតាំងដែលមានអំណោយផលក្នុងការប្រព្រឹត្តិបទល្មើស មានន័យថា ជុំវិញទីតាំងខាងលើ មានផ្លូវព័ទ្ធជុំវិញ ព្រមទាំងមានការបិទបាំងបរិវេណខាងក្រៅ។ មិនត្រឹមតែប៉ុណ្ណោះ ខាងក្នុងកន្លែងផលិតកែច្នៃ ផ្ទាល់ ប្រៀបបានបន្ទប់ខារ៉ាអូខេ ដោយមិនមានសំឡេងរំខានដល់អ្នកជិតខាង ចៀសផុតពីការកត់សម្គាល់របស់សមត្ថកិច្ច។ ម៉្យាងវិញទៀត សូម្បីកាកសំណល់ចេញពីសង្វាក់ផលិតកម្មនោះ ក្រុមឧក្រិដ្ឋជន រង់ចាំឱកាសទើបដឹកតាមរថយន្ត យកទៅបោះចោល។
មកទល់ពេលនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់អាចសន្មតជាផ្លូវការឡើយថា វីឡានោះ ជាទីតាំងផលិតគ្រឿង ញៀនបានហើយឬនៅនោះទេ ព្រោះករណីនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ។ ឧបករណ៍បម្រើការផលិតក្នុងវីឡានោះ ជាប្រភេទមាស៊ីនបោះពុម្ពគ្រាប់ថ្នាំ ដែលមានធាតុផ្សំស្រាប់ គឺគ្រាន់តែបន្ថែមក្លិន និងពណ៌ ទើបកម្លាំងជំនាញ ត្រូវការពេលពិនិត្យ ដើម្បីឱ្យប្រាកដថា ជាករណីផលិត ឬកែច្នៃផលិត។
សូមបញ្ជាក់ថា ក្រោយករណីនេះកើតឡើង អាជ្ញាធរ នឹងបង្កើនការស្រាវជ្រាវបន្ថែមទៅលើទីតាំងផ្ទះវីឡាធំៗដែលសង្ស័យ ព្រមទាំងជនបរទេសដែលមករស់នៅកម្ពុជា ប៉ុន្តែទន្ទឹមនឹងនោះវាអាស្រ័យទៅលើសមត្ថកិច្ចថាតើមានលទ្ធភាពសិក្សាស្វែងយល់អំពីធាតុផ្សំនៃបទល្មើស កម្រិតណា?
គួររំលឹកថា ករណីអគ្គិភ័យឆេះផ្ទះវីឡា និងទីតាំងកែច្នៃគ្រឿងញៀនខាងលើ បានកើតហេតុ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៨ ឬ៥៦៧ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ SARAB JIT ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិឥណ្ឌា មុខរបរចុងភៅ រស់នៅផ្ទះជួល ក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានសារធាតុញៀន (ឃាត់ខ្លួន)។ ទី២-ឈ្មោះ MONCHI ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ជនជាតិប៉ាគីស្ថាន ជាអ្នកបច្ចេកទេស កែច្នៃគ្រឿងញៀន ស្នាក់នៅផ្ទះជួលភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (រត់គេចខ្លួន) និងទី៣-ឈ្មោះ SEWAK SINGH ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិឥណ្ឌា ជាអ្នកបច្ចេកទេស កែច្នៃគ្រឿងញៀន ស្នាក់នៅផ្ទះជួល ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (រត់គេចខ្លួន)។
ចំពោះសម្ភារៈ និងវត្ថុតាងចាប់យក រួមមាន ១-សារធាតុញៀន MDMA ទម្ងន់ ១ ៥៣៩ ០០៧ក្រាម (១តោន ៥៣៩ គីឡូ ៧ក្រាម) ក្នុងនោះមាន MDMA បោះជាគ្រាប់ហើយទម្ងន់ ១ ៤២៤ ១៥០ក្រាម (១តោន ៤២៤គីឡូ ១៥០ក្រាម គិតជាគ្រាប់ ៣ ១៩២ ៧០៦គ្រាប់) ល្បាយម្សៅ MDMA ទម្ងន់ ១១៤ ៨៥៧ក្រាម (១១៤គីឡូ ៨៥៧ក្រាម)។ ២-សារធាតុគីមី សម្រាប់លាយក្នុងល្បាយ ដើម្បីបោះពុម្ភជាគ្រាប់ សរុបទម្ងន់ ៥៩៣គីឡូ។ ៣-ម៉ាស៊ីនសម្រាប់វាយពុម្ភ ចំនួន ៧ (ថ្មី៥ ឆេះខូចខាតចំនួន២)។ ៤-សម្ភារៈសម្រាប់កែច្នៃជាគ្រាប់ថ្នាំ មួយចំនួន។ ៥-ទូរស័ព្ទម៉ាក iPhone ពណ៌ផ្កាឈូក។ ៦-ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ។ ៧-លិខិតឆ្លងដែន ១ក្បាល។ ៨-ក្រវិលលោហធាតុទឹកប្រាក់ ចំនួន២។ ៩-ចិញ្ចៀនលោហធាតុពណ៌លឿង១។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីឆេះផ្ទះនៅចំណុចផ្ទះលេខ៨ ឫ៥៦៧ តាមវិក្កយបត្រភ្លើង ផ្លូវបេតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យឆេះខូចខាតបន្ទប់មួយ ធ្វើអំពីថ្ម ទំហំ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ មានដំបូលប្រក់ក្បឿង ពិតានម្នាងសិលា និងត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យ អស់៣បំពង់ ទើបអាចគ្រប់គ្រង់បានទាំងស្រុង នៅវេលាម៉ោង ៩និង៥០នាទយប់ ថ្ងៃដដែល ដោយឆេះខូចខាតបន្ទប់ប្រមាណ៨០ភាគរយ។
ក្រោយពីបានពន្លត់អណ្តាតភ្លើងនិងផ្សែងរួចមក កម្លាំងសមត្ថកិច្ចបានប្រទះឃើញម៉ាស៊ីន និងឧបករណ៍សម្រាប់កែច្នៃគ្រឿងញៀន និងគ្រឿងញៀនគ្រាប់ ព្រមទាំងសារធាតុផ្សំមួយចំនួន ដែលសង្ស័យជាកន្លែងកែច្នៃសារធាតុ ញៀនដោយខុសច្បាប់ នៅទីតាំងខាងលើ។ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្ត បានរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋាននុក្រម និងចុះមកកន្លែងកើតហេតុ ធ្វើការដឹកនាំបញ្ជាដោយផ្ទាល់ និងចាត់កម្លាំងជំនាញពាក់ព័ន្ធដើម្បីអនុវត្តន៍តាមជំនាញរៀងៗខ្លួន។
បន្ទាប់មកមានវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាមារីលុច អគ្គស្នងការរង លោកឧត្តម សេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ឋបុណ្យរិទ្ឋ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លោកហាក់ សុខមករា អភិបាលរងខេត្តកណ្តាល លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការ សម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមដំបូងខេត្តកណ្តាល លោកខា ដែនណា ព្រះរាជអាជ្ញារងដឹកនាំនីតិវិធី និងដោយមានការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជួយសង្គ្រោះពន្លត់អគ្គិភ័យ និងបង្ក្រាបទីតាំងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ដោយសារ ប្រទះឃើញម៉ាស៊ីនផលិត និងគ្រឿងញៀន សម្រេចជាគ្រាប់មួយចំនួនធំ។
ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕