ខេត្តកែប ៖ ដោយមានការណែនាំនិងចង្អុលាបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កែប នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានចុះបំបែកសម្បុកក្រុមជនឆបោកយ៉ាងសកម្ម នៅតាមបណ្តារាជធានី-ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១២នាក់ (ស្រី៥នាក់) នៅក្នុងផ្ទះសំ ណាក់ ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈចាប់យក រួមមាន ១-រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0138 ចំនួន១គ្រឿង។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JP-0414 ចំនួន១គ្រឿង។ ៣-ទូរស័ព្ទដៃ ចំនួន១៣គ្រឿង។ ៤-ស្រាបៀរ ចំនួន៥៧កេស។ ៥-ភេសជ្ជៈបាកាស ចំនួន២យួរ។ ៦-ឧបករណ៍ចាក់ភ្លេងសម្រាប់ដេញសត្វ ចំនួន១កេស។ ៧-ប្រាក់ដុល្លារ ចំនួន ៣០១ដុល្លារ និងប្រាក់រៀល ចំនួន ៥០១ ៥០០ រៀល។ ៨-លោហធាតុពណ៌ក្រហម រួមមាន ខ្សែដៃ ១ខ្សែ ក្រវិល ១គូ ចិញ្ចៀនដាំត្បូង ១វង់ និងបន្តោងខ្សែ កស្រោបព្រះ ចំនួន១។
ពាក់ព័ន្ធករណីឆបោកប្រាក់ តាមរយៈការលក់ទំនិញឱ្យជនរងគ្រោះ ឈ្មោះឃុន សុខនី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប អស់ទឹកប្រាក់សរុបចំនួន ៧លាន ២សែនរៀល និងក្រវិលកំប៉ុងសម្រាប់ប្តូរយករង្វាន់ចំនួន២៦កេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។តាមការស្តាប់ចម្លើយរបស់ជនសង្ស័យទាំងអស់ បានសារភាពថា ក្រុមរបស់ខ្លួនពិតជាបានដើរឆបោកតាមរយៈការលក់ទំនិញនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនប្រាកដមែន។
ជនសង្ស័យទាំង១២នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕