Monday, December 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយាយ៨២ឆ្នាំ ជា.../ប់គុករឿងទំនាស់ព្រំដី តុលាការកំពូល សម្រេចដោះ---/លែង

យាយ៨២ឆ្នាំ ជា…/ប់គុករឿងទំនាស់ព្រំដី តុលាការកំពូល សម្រេចដោះ—/លែង

ខេត្តតាកែវ ៖ លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំ។

ការសម្រេចរបស់តុលាការកំពូល នេះបានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាត ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយ មានអាយុ៨២ឆ្នាំ រួមរឹតដោយជំងឺលើសឈាម និងទឹកនោមផ្អែម ប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយទៅឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ” ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

ដំណើររឿងដែលឈានដល់ការចោទប្រកាន់ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ទៅលើលោកយាយរូបនេះ គឺផ្តើមចេញពីទំនាស់ព្រំដី និងការសុំបើកផ្លូវជាមួយអ្នកជិតខាង រហូតមានការប្តឹងផ្តល់គ្នា ហើយមានការចាប់ខ្លួននិងឃុំខ្លួនលោកយាយតែម្តង។ ក្រៅពីការចាប់ខ្លួនលោកយាយដាក់ពន្ធនាគារ កូនរបស់លោក យាយ ចំនួន២នាក់ទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារផងដែរ កាលពីប៉ុន្មានខែមុន នៅក្នុងករណីតែមួយនេះ។

សម្រាប់ករណីនេះ ក្រោយមានការចែកចាយព័ត៌មានច្រើននៅតាមបណ្តាញសង្គម អមដោយសាររិះគន់ផងនោះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យករណីនេះឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីពាក់ព័ន្ធ រហូតត្រូវបានតុលាការកំពូល  ចេញសាលដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

ជុំវិញករណីខាងលើនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី អាយុ៧៤ឆ្នាំ តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការ ដ្ឋាននគរបាលស្រុកបាទី បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ០២៥,២៤ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តតាកែវ ដោយបានចាប់ខ្លួនទណ្ឌិត ឈ្មោះជុំ យ៉េន ភេទស្រី អាយុ៧៤ឆ្នាំ ដើម្បីយកមកអនុវត្តទោសតាមច្បាប់។

ពាក់ព័ន្ធការចាប់ខ្លួនទណ្ឌិតឈ្មោះជុំ យ៉េន គឺអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះជុំ យ៉េន ដាក់ពន្ធនាគារ កំណត់រយៈពេល៨ខែ ពីបទធ្វើឱ្យខូច ខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទទោស តាមបញ្ញត្តិមា ត្រា ៤១០ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ។

ចំពោះការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតខាងលើ អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមអំ ណាចសាលក្រម ដែលបានចូលស្ថាពរ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ចំណែកតួនាទីរបស់អយ្យការ គឺធា នាការអនុវត្តសាលក្រមស្ថាពររបស់សាលាដំបូងប៉ុណ្ណោះ រីឯសេចក្តីសម្រេចនៃសាលក្រម គឺតុលាការ ជាអ្នក សម្រេច។ ជាមួយគ្នានេះដែរ អយ្យការអមសាលាដំបូងខេត្តតាកែវ សូមបញ្ជាក់ថា ក្នុងករណី នេះសាមីខ្លួនជាទណ្ឌិត ឈ្មោះ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយបានប្តឹងសើរើទៅតុលាការកំពូល រួចហើយដែរ ហើយបច្ចុប្បន្នសាមីខ្លួន កំពុងរង់ចាំសេចក្តីសម្រេចពីតុលាការកំពូល…។

ដោយឡែក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នោះដែរ សភាព្រហ្មទណ្ឌតុលាការកំពូល បានចេញដីកាសម្រេចមួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

-បានឃើញ មាត្រា ៤៤៣, ៤៤៤, ៤៤៥, ៤៤៦ ៤៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

-បានឃើញ សំណុំរឿងព្រហ្មទណ្ឌនៃបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូល។

-បានឃើញ សេចក្តីសុំប្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ទណ្ឌិតឈ្មោះ ជុំ រុំ ឈ្មោះ ទេព កុសល និងឈ្មោះ ជុំ យ៉េន។

-បានឃើញ ពាក្យបណ្តឹងសើរើ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ទណ្ឌិតឈ្មោះជុំ រុំ ឈ្មោះទេព កុសល និងឈ្មោះជុំ យ៉េន ដែលបានប្តឹងសុំឱ្យតុលាការកំពូល ជំនុំជម្រះសើរើ ចំពោះសាលក្រមព្រហ្មទណ្ឌ លេខ ៣០ “ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដោយលើកមូលហេតុថា ៖

សាលាដំបូងខេត្តតាកែវ បានចេញសាលក្រមកំបាំងមុខ លេខ ៣០ “ខ” ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសម្រេចផ្តន្ទាទោស យើងខ្ញុំទាំងបីនាក់ ដោយរូបយើងខ្ញុំមិនដែលបានទទួលដីកាកោះហៅពីតុលាការ តាំងពីដំណាក់កាលព្រះរាជអាជ្ញា ដំណាក់កាលស៊ើបសួរ ដំណាក់កាលជំនុំជម្រះ ហើយក៏មិនបានទទួលដំណឹងអំពីសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ ៣០ “ខ” ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលា ដំបូងខេត្តតាកែវ។ ស្រាប់តែនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបាទឈ្មោះជុំ រុំ និងប្រពន្ធឈ្មោះទេព កុសល ត្រូវបានប៉ូលិសចាប់ ខ្លួន ដោយមិនបានបង្ហាញដីកាណាមួយឡើយ និងបានបញ្ជូនខ្ញុំបាទ និងប្រពន្ធឈ្មោះទេព កុសល មកឃុំខ្លួនពន្ធនាគារខេត្តតាកែវ តែម្តង។ ចំណែកម្តាយរបស់ខ្ញុំ ឈ្មោះជុំ យ៉េន មិនត្រូវបានចាប់ខ្លួនឡើយ។ ការចាប់ឃុំខ្លួនខ្ញុំបាទ ឈ្មោះជុំ រុំ និងប្រពន្ធឈ្មោះទេព កុសល គឺជារឿងអយុត្តិធម៌សម្រាប់ខ្ញុំបាទនិងគ្រួសារ ដោយ ហេតុថា យើងខ្ញុំមិនដឹងអំពីអង្គហេតុណាមួយ និងភ័ស្តុតាងក្នុងការចោទប្រកាន់រូបយើងខ្ញុំ ហើយយើងខ្ញុំទាំង អស់គ្នាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ម៉្យាងវិញទៀតយើងខ្ញុំមានសាក្សី និងភស្តុតាងនានា ដើម្បីបញ្ជាក់ជូន តុលាការ ដើម្បីធ្វើការវិនិច្ឆ័យឡើងវិញ។

បានឃើញ សាលក្រមព្រហ្មទណ្ឌលេខ ៣០ “ខ” ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលមានខ្លឹមសារនៃសេចក្តីសម្រេចដូចតទៅ ៖

១-ផ្តន្ទាទោសជនជាប់ចោទ ៖

ក-ឈ្មោះជុំ រុំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន) (អត្តសញ្ញាណខាងលើ)

ខ-ឈ្មោះជុំ យ៉េន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន) (អត្តសញ្ញាណខាងលើ)

គ-ឈ្មោះទេព កុសល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន) (អត្តសញ្ញាណខាងលើ) ដាក់ពន្ធនាគារ កំណត់រយៈពេល៨ខែ ក្នុងម្នាក់ៗ។

ពីបទ ៖ ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

២-បង្គាប់ឱ្យជនជាប់ចោទឈ្មោះជុំ រុំ ភេទប្រុស អាយុ៣៨ឆ្នាំ ឈ្មោះជុំ យ៉េន ភេទប្រុស អាយុ៧៤ឆ្នាំ និងឈ្មោះទេព កុសល ភេទប្រុស អាយុ៣៦ឆ្នាំ រួមគ្នាសងសំណងជំងឺចិត្ត ចំនួន ៣លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះវឿន ជា ដោយក្នុងម្នាក់ៗ ត្រូវទទួលបន្ទុកចំនួន ១លានរៀល។ ការទាមទារលើសពីនេះបដិសេធចោល។

-សាលក្រមនេះ ជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ កំបាំងមុខជនជាប់ចោទឈ្មោះជុំ រុំ ឈ្មោះជុំ យ៉េន និងឈ្មោះទេព កុសល និងចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះវឿន ជា។

-ភាគីណាមិនសុខចិត្តនឹងសេចក្តីសម្រេចនេះ មានសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់។

-បានឃើញ សេចក្តីសន្និដ្ឋានរបស់តំណាងមហាអយ្យការអមតុលាការកំពូល ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

-ក្រោយពីបានស្តាប់របាយការណ៍របស់ចៅក្រមរបាយការណ៍

-ក្រោយពីបានពិនិត្យសេចក្តីសន្និដ្ឋានរបស់តំណាងមហាអយ្យការអមតុលាការកំពូល

-ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ ។

សំអាងហេតុ

១-យល់ឃើញថា សភាព្រហ្មទណ្ឌនៃតុលាការកំពូល មានសមត្ថកិច្ចពិនិត្យពិចារណាលើបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ទណ្ឌិតឈ្មោះជុំ រុំ ឈ្មោះទេព កុសល និងឈ្មោះជុំ យ៉េន តាមបញ្ញត្តិមាត្រា ៤៤៣ និងមាត្រា ៤៤៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

២-យល់ឃើញថា សាលក្រមលេខ ៣០ “ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចប្រកាសទោសលើទណ្ឌិតឈ្មោះជុំ រុំ ឈ្មោះទេព កុសល និងឈ្មោះជុំ យ៉េន ពីបទ ធ្វើឱ្យខូចខាតដោយចេតនា និងបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ តាមបញ្ញត្តិនៃមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ ក្នុងអង្គហេតុចោទប្រកាន់នៃរឿងក្តីនេះ ឃើញថា សាលក្រមនេះ មិនលើកបង្ហាញក្នុងសំអាងហេតុ អំពីធាតុផ្សំនៃអំពើប្រព្រឹត្តរបស់ទណ្ឌិតទាំងបីរូបឡើយ ដែលនាំឱ្យសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិតឈ្មោះជុំ រុំ ឈ្មោះទេព កុសល និងឈ្មោះជុំ យ៉េន ត្រូវនឹងមូលហេតុនៃការបើកការសើរើតាមចំណុចទី៤ នៃមាត្រា៤៤៥ (ករណីបើកការសើរើរឿងក្តី) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

៣-យល់ឃើញថា ទណ្ឌិតឈ្មោះជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ មានវ័យចាស់ជរា គិតមក ទល់នឹងពេលនេះ មានអាយុ ៨២ឆ្នាំហើយ។ ហេតុនេះ តាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌ នៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិនៃមាត្រា៤៤៩ (សេចក្តីសម្រេចបង្អង់ការអនុវត្តទោស) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ហេតុដូច្នេះ សម្រេច

១-ទទួលបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងបញ្ជូនសំណុំរឿង ព្រហ្មទណ្ឌ នៃបណ្តឹងសើរើលេខ ៣៩ សរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូល ទៅសភាពេញអង្គនៃតុលាការកំពូល ជាសមត្ថកិច្ច។

២-ព្យួរការអនុវត្តទោសលើទណ្ឌិតឈ្មោះជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ ដែលមានក្នុង សាលក្រមព្រហ្មទណ្ឌ លេខ ៣០ “ខ” ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ៕

RELATED ARTICLES