កូរ៉េខាងត្បូង ៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ថា ប៉ូលិសកូរ៉េខាងត្បូង កំពុងបន្តការស៊ើបអង្កេតលើប្រធានាធិបតី យុន សឹកយុល (Yoon Seok-yeol) ពីបទ “ក្បត់ជាតិ” បន្ទាប់ពីគាត់បានប្រកាសប្រើច្បាប់អាជ្ញាសឹក រហូតដល់មានការចលាចល ភ័យស្លន់ស្លោពេញប្រទេស។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថា លោក វូ ជុងស៊ូ (Woo Jung-soo) ប្រធានការិយាល័យស៊ើបអង្កេតជាតិ នៃទីភ្នាក់ងារប៉ូលិសជាតិ បានប្រាប់សមាជិកសភាថា ពេលនេះប៉ូលិសត្រូវបានចាត់តាំងឱ្យស៊ើបអង្កេតករណីនេះ។ អំពើក្បត់ជាតិ ជាបទល្មើសដែលអភ័យឯកសិទ្ធិមិនអាចការពារបាន ទោះបីជាគាត់កាន់តំណែងជាប្រធានាធិបតី ក៏ដោយ និងអាចទទួលទោសអតិបរមាដល់ប្រហារជីវិត។
ជាមួយគ្នានេះ គណបក្សប្រឆាំងធំ និងគណបក្សប្រឆាំងតូចៗផ្សេងទៀត បានចាប់ផ្តើមបោះឆ្នោតដើម្បីចោទ ប្រកាន់ប្រធានាធិបតី យុន សឹកយឹល បន្ទាប់ពីលោកបានប្រកាសប្រើច្បាប់អាជ្ញាសឹកមួយរយៈពេលខ្លី។ ញត្តិចោទប្រកាន់ប្រធានាធិបតី យុន សឹកយឹល ត្រូវបានបង្ហាញនៅក្នុងសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះមានន័យថា ការបោះឆ្នោតនឹងធ្វើឡើងនៅចន្លោះថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណា ប្រសិនបើដំណោះស្រាយមិនអាចសម្រេចបាន ក្នុងរយៈពេល ៧២ម៉ោងបន្ទាប់ពីការស្នើសុំទៅកាន់សភា ចលនានេះនឹងត្រូវលុបចោល។

គណបក្សជាច្រើន យល់ឃើញថា អាចមានលទ្ធភាពដែលលោក យុន សឹកយឹល នឹងត្រូវចោទប្រកាន់ ឬក៏មិនអាចទៅរួច។ នេះគឺដោយសារគណបក្សអំណាចប្រជាជន បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឆាំងនឹងការអនុម័តញត្តិនេះ។ បច្ចុប្បន្ន គណបក្សប្រឆាំងរួមគ្នា មាន ១៩២អាសនៈក្នុងសភា ហើយត្រូវការការគាំទ្របន្ថែមពីគណបក្សអំណាចប្រជាជន ៨អាសនៈទៀត។
ប៉ុន្តែបើតំណាងគណបក្សអំណាចប្រជាជន មិនចូលរួមបោះឆ្នោតក្នុងសភា ឬបោះឆ្នោតជំទាស់នឹងសំណើនេះ វាអាចមានលទ្ធផលតិចជាង ២ភាគ៣ ឬ ២០០សំឡេង ក្នុងចំណោម ៣០០សំឡេងគាំទ្រ៕