Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្តឹ.../បចោរចិត្តជា លួ---/ចលុយវត្ត៦០ដង បានលុយ៥៥លាន ចែកអ្នកភូមិចាយ

ក្តឹ…/បចោរចិត្តជា លួ—/ចលុយវត្ត៦០ដង បានលុយ៥៥លាន ចែកអ្នកភូមិចាយ

ខេត្តកណ្តាល ៖  ក្តឹបចោរ ចំនួន២នាក់ ម្នាក់១០ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ បានធ្វើសកម្មភាពដើរលួចលុយតាមវត្ត បានសម្រេចប្រមាណជិត ៦០លើក សរុបបានលុយ ៥៥លានរៀល ប៉ុន្តែក្តឹបចោរនេះ ជាចោរចិត្តជា ដោយរាល់ពេលលួចលុយបាន តែងយកទៅចែកក្មេងៗនិងចាស់ៗនៅក្នុងភូមិ សល់ប៉ុន្មាន ដើរលេងល្បែងនិងស៊ីចាយ។ ទីបំផុតអស់លក្ខណ៍ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ បើកការស្រាវជ្រាវឃាត់ខ្លួនបានក្តឹបចោរម្នាក់អាយុ១៥ឆ្នាំ ខណៈក្តឹបចោរម្នាក់ទៀត អាយុ១០ឆ្នាំ កំពុងរត់គេចខ្លួន។

ការឃាត់ខ្លួនក្តឹបចោរលួចលុយវត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ស.ភ.ស.ផ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល មានឪពុកម្តាយទៅរកស៊ីនៅឆ្ងាយ សព្វថ្ងៃរស់នៅជាមួយយាយតា។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ភេទប្រុស អាយុ១០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចវត្តមួយ ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចប្រាក់របស់ព្រះសង្ឃ ព្រះនាម វ.ប.រ គង់នៅក្នុងវត្តខាងលើ អស់ចំនួនជាង ២០លានរៀល។ ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះស្រាវជ្រាវជាបន្តបន្ទាប់ ដោយតាមរុករកជនសង្ស័យ ដល់ខេត្តកំពង់ស្ពឺ ខេត្តស្វាយ រៀង និងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ស.ភ.ស.ផ អាយុ១៥ឆ្នាំ។ ចំណែកបក្ខពួកម្នាក់ទៀត អាយុ១០ឆ្នាំ បានរត់គេចខ្លួនបាត់ និងបានចាប់យកវត្ថុតាង កង់អាគុយពណ៌ក្រហម ១គ្រឿង (ជិះធ្វើសកម្មភាព) និងទូរស័ព្ទ ១គ្រឿង ម៉ាក INFINIX។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចលុយតាមវត្ត សរុបចំនួន ៥៦លើករួចមកហើយ ដោយក្នុងនោះ នៅឆ្នាំ២០២០ បានធ្វើសកម្មភាពលួច ចំនួន២០លើក រួមជាមួយបក្ខពួកចំនួន៤នាក់ (មិនស្គាល់អត្ត សញ្ញាណ) មានអាយុចន្លោះ២០ឆ្នាំ ដោយជិះម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដា ស្កុបពី និងម៉ាក ហុងដា ឌ្រីម សេ១២៥ និងកង់ ១គ្រឿង។ លួចបានប្រាក់ចំនួន ១៥លានរៀល ទៅ១៦លានរៀល។ ក្រោយមកបក្ខពួកទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅសល់តែខ្លួនម្នាក់ប៉ុណ្ណោះ។

បន្ទាប់មក នៅក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ បានធ្វើសកម្មភាពលួចម្នាក់ឯង ចំនួន១៩លើក តាមផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រៅមូលដ្ឋាន (ចំនួនទឹកប្រាក់មិនចាំ)។ លុះដល់ឆ្នាំ២០២៣  បានធ្វើសកម្មភាពលួច ចំនួន៤លើក បានទឹកប្រាក់សរុបចំនួន ២លាន ៥សែនរៀល ក្នុងនោះ លើកទី១-លួចនៅផ្ទះវេរប្រាក់វីង ក្នុងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន និង៣លើកទៀត លួចនៅវត្តទួលវិហារ សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ចូលដល់ឆ្នាំ២០២៤  បានធ្វើសកម្មភាពលួចតាមវត្ត ចំនួន៨វត្ត (ស្មើ ១៣លើក) ក្នុងនោះ រួមមាន ៖

១-វត្តពោធិ៍យួន សង្កាត់ព្រែកស្តី ក្រុងសំពៅពូន លួចបានចំនួន៥លើក បានទឹកប្រាក់ចំនួន ៣លានរៀល។

២-វត្តកោះអណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន លួចបានចំនួន២លើក បានទឹកប្រាក់ចំនួន ១លានរៀល។

៣-វត្តឈើខ្មៅ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន លួចបានចំនួន១លើក បានទឹកប្រាក់ចំនួន ១លានរៀល។

៤-វត្តដើមពោធិ៍ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន លួចបានចំនួន១លើក បានទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល។

៥-វត្តជ្រោយតាកែវ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន លួចបានចំនួន១លើក បានទឹកប្រាក់ច្រើនមិនចាំចំនួន។

៦-វត្តព្រែកអំបិល ស្រុកស្អាង លួចបានចំនួន១លើក បានទឹកប្រាក់ចំនួន ៨០ម៉ឺន ៥ពាន់រៀល។

៧-វត្តព្រែកឫស្សីខាងកើត ក្រុងតាខ្មៅ លួចបានចំនួន១លើក បានទឹកប្រាក់ចំនួន ២លានរៀល។

៨-វត្តព្រែកឫស្សីលិច ក្រុងតាខ្មៅ លួចបានចំនួន១លើក បានទឹកប្រាក់ ១០លានរៀល។

សរុបប្រាក់លួចបាន ជាង៥៥លានរៀល។

តាមចម្លើយរបស់ជនសង្ស័យ ពួកគេធ្លាប់ធ្វើសកម្មភាពលួចនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ស្រុកស្អាង ស្រុកកោះធំ និងក្រុងតាខ្មៅ ហើយពេលលួចប្រាក់បាន យកទៅចែកក្មេងៗ និងចាស់ៗក្នុងភូមិ សល់ប៉ុន្មានលែងល្បែងពេលមានបុណ្យទានក្នុងភូមិ និងចាយវាយខ្លួនឯង។

ក្រោយពីបានធ្វើសកម្មភាពលួចរួច ជនសង្ស័យបានគេចទៅតាមបណ្តារាជធានី-ខេត្ត មួយចំនួន រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបាននៅក្រុងសំពៅពូន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកផ្សេងទៀត កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES