ភ្នំពេញ៖រយៈពេលជិត២ឆ្នាំ ដែលលោកខេមរៈ សិរីមន្ដ ចូលជ្រកនៅGalaxy គេសង្កេតឃើញថាទោះជាលោកចេញបទអីក៍មានអ្នកប្រឆាំងនៅលើហ្វេសបុក ជេរប្រមាថ ព្រមទាំងឌឺដង ផ្លែផ្កា ឲ្យព្រោងព្រាតក្នុងនោះរួមទាំងការស្លៀកពាក់របស់លោកដែលគ្រងឈុតព្រះបាទជ័យវរ្ម័នទី៧ អង្គុយលើគ្រែស្នែង ឲ្យគេសែងនៅមុខប្រាសាទអង្គរវត្ត ផងដែរ ថាមិនសាកសម ឬដូចខ្វះតារាណាស់ ជាដើម ។ចំណែកបទចម្រៀងវិញសិរីមន្ដ ខំតែងខ្លួនប្លែកៗជាមួយការចាយលើផលិតMV អស់លុយធំក៍នៅតែមានអ្នកលេងហ្វេសបុកខ្លះមិនចូលចិត្ត ឬគាំទ្រនោះទេ ដូចជាពេលលោកច្រៀងបទ«Fake Love » ,«Pa Pa Call Me » និងបទ«ឆ្នាំនឹងសប្បាយខ្លាំង» រហូតមានប្រតិកម្មច្រើនពេក ធ្វើឲ្យGalaxy លុបបទ«ឆ្នាំនឹងសប្បាយខ្លាំង» នេះចោលពីយូធូប ទៀតផង។ប៉ុន្ដែថ្មីៗនេះសិរីមន្ដ បានចេញបទចម្រៀងបែបកម្សត់ៗ វិញម្ដងតាមរយៈបទ«ដាច់ឆ្នាំសល់អ្វីខ្លះ?» ហើយលោកដើរតួសម្ដែងជាកម្មករប្រមូលសំរាមម្នាក់ ជិះឡានសំរាម ។បើទោះជាសិរីមន្ដ ខំប្រឹងសម្ដែងជាតួបែបអ្នកក្រ លែងលេងតួកាចមានអង្គរក្សហែហម បីកូនខ្លា ដូចមុនក្ដី ក៍នៅតែមានអ្នកខ្លះរិះគន់លើលោកប៊ុនថៃ ថែមទៀត ថាអត់សម អត់ទំនង ឬច្រៀងផ្សេងកាយវិលការផ្សឹងជាដើម ។

សំណួរដែលមហាជនចង់ដឹងថាតើពេលនេះខេមរៈ សិរីមន្ដ ធ្វើអ្វីក៍លែងត្រូវចិត្តអ្នកគាំទ្រទៀតហើយមែនទេ ?

លោកខេមរៈ ភារុណ បងប្រុសលោកខេមរៈ សិរីមន្ដ និងជាអ្នកនិពន្ធចម្រៀងឲ្យលោកប៊ុនថៃ ច្រៀងល្បីសឹងគ្រប់បទនោះបានប្រាប់«នគរធំ » កាលពីរសៀលថ្ងៃទី៥ ធ្នូ ថាបទ«ដាច់ឆ្នាំសល់អ្វីខ្លះ?» នោះមិនមែនលោកនិពន្ធទេ គឺអ្នកនិពន្ធថ្មីៗដែលពួកគេសុទ្ធតែមានសម្ថភាពមិនធម្មតាឡើយ ។លោកថាបទនេះចេញAudio ជិត១ឆ្នាំហើយ តែទើបចាប់ផ្ដើមថតMV ហើយសិរីមន្ដ នឹងចេញបទប្រភេទនេះជាបន្ដបន្ទាប់ទៀត ក្នុងនោះលោកក៍ជាអ្នកនិពន្ធបទថ្មីៗឲ្យផងដែរ ។លោកថាការដែលសិរីមន្ដ ច្រៀងបទកម្សត់ៗ វិញនេះគ្មានអ្វីប្លែកទេ ព្រោះជាអ្នកចម្រៀង ត្រូវតែចេញឲ្យបានគ្រប់ទម្រង់ ទើបល្អ ។

ទាក់ទងរឿងលោកខេមរៈ សិរីមន្ដ ចេញបទអី ធ្វើអី ក៍ចេះតែមានគេជេរ ប្រទេចនោះលោកភារុណ ថាការិះគន់នោះតិចជាងចំនួនអ្នកគាំទ្រ ហើយលោកក៍មិនដឹងថាអាខោនហ្វេសបុកដែលចេញវាយប្រហារសិរីមន្ដ នោះជាអាខោនក្លែងក្លាយ(Fake )ឬយ៉ាងណាទេ ។ប៉ុន្ដែលោកថាតាមការសង្កេតរបស់លោកពេលនេះសិរីមន្ដ ចេញច្រៀងConcerts ច្រើនជាងឆ្នាំមុន ៗ។

ឆ្លើយតបសំណួរថាតើពេលនេះខេមរៈ សិរីមន្ដ ច្រៀងតម្លៃខ្លួនខ្ពស់ជាងមុនឡើងឧកញ៉ា ឬស៊ីថ្លៃ១កម្មវិធីប៉ុន្មាន ហើយក្នុងនាមជាបងប្រុសលោកគិតថាសិរីមន្ដ ក្រោយចេញពីហង្សមាសនៅតែល្បី ល្បីជាងមុន ឬនៅទ្រឹងនោះលោកភារុណ ថាបញ្ហានេះអ្នកកាសែតគួរតែដឹង ដោយមិនចាំបាច់លោកឆ្លើយ ។តែលោកបង្ហើបថាសិរីមន្ដ ស៊ីថ្លៃខ្ពស់ជាងមុន ប៉ុន្ដែលោកថាមិនអាចប្រាប់បានទេថាថ្លៃ១កម្មវិធីប៉ុន្មានឡើយ គ្រាន់តែដឹងថាឡើងថ្លៃជាងមុនទៅបានហើយ ។

ទោះជាលោកខេមរៈ ភារុណ ដែលពេលនេះឡើងផ្កាយ១ និងឋានៈជាឯកឧត្តម មិនប្រាប់តម្លៃខ្លួនរបស់ខេមរៈ សិរីមន្ដ មែន ប៉ុន្ដែសិរីមន្ដ ធ្លាប់និយាយក្នុងវីដេអូ១ថាលោកច្រៀង១កម្មវិធីតែ៦បទ ស៊ីថ្លៃ១ម៉ឺនដុល្លារ ។តម្លៃនេះគុណជាពីរ បើប្រៀងធៀបមុនលោកឡើងជាឧកញ៉ា ទើបធ្វើឲ្យកម្មវិធីខ្លះលែងហ៊ានហៅលោកច្រៀង ព្រោះបើជួលសិរីមន្ដ ម្នាក់ស្មើតារាល្បីល្មមៗ១០នាក់។ប៉ុន្ដែសិរីមន្ដ មិនព្រមទម្លាក់តម្លៃខ្លួនឡើយ ហើយលោកភារុណ បែជាថាប្អូនលោកចេញច្រៀងConcerts កាន់តែច្រើនទៅវិញ ។

គួររំលឹកថាខេមរៈ សិរីមន្ដ អាយុ៣៩ឆ្នាំ អតីតតារាU2 ,សាន់ដេ និងហង្សមាស បានឡើងជាឧកញ៉ាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ និងចូលGalaxy នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។ប្រភពបានឲ្យដឹងថាមូលហេតុដែលFan បានបញ្ចេញប្រតិកម្មមិនពេញចិត្តសិរីមន្ដ កើតមានក្រោយពីតារាកូន៣ រូបនេះបានចេញមុខការពារថៅកែជាបន្ដបន្ទាប់ ពិសេសនៅខែ៦ ឆ្នាំ២០២៣ លោកបាននិយាយថាស្អប់ឧកញ៉ាកាប់ព្រៃឈើ តែមិនស្គាល់មុខ និងសូមឲ្យមហាជនជួយណែនាំអ្នកកាប់ព្រៃឈើឲ្យលោកបានស្គាល់ផង។ក្រោយមានការលើកឡើងបែបនេះធ្វើឲ្យមានប្រតិកម្មស្រោចលើសិរីមន្ដ ហើយចាប់តាំងពីពេលនោះមកលោកចេញបទចម្រៀង និងនិយាយអីក៍មានអ្នកជេរប្រមាថនៅលើបណ្ដាញសង្គម ។

យ៉ាងណាមហាជនរងចាំមើលថាក្រោយខេមរៈ សិរីមន្ដ ចេញបទកម្សត់ៗឡើងវិញ នឹងមានការគាំទ្រដូចមុន ឬយ៉ាងណា ?
