Sunday, February 23, 2025
Homeព័ត៌មានអន្តរជាតិបក្សប្រឆាំងកូរ៉េខាងត្បូង រៀបចំបោះឆ្នោត ចោ.../ទប្រកាន់ប្រធានាធិបតីក្បត់ជាតិ

បក្សប្រឆាំងកូរ៉េខាងត្បូង រៀបចំបោះឆ្នោត ចោ…/ទប្រកាន់ប្រធានាធិបតីក្បត់ជាតិ

កូរ៉េខាងត្បូង ៖ សមាជិសភាគណបក្សប្រឆាំងកូរ៉េខាងត្បូង គ្រោងនឹងបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី យុន សឹកយឹល (Yoon Seok-yeol) នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ថា លោក ចូ សឹងរ៉េ (Cho Seung-rae) អ្នកនាំពាក្យរង នៃគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងកូរ៉េខាងត្បូង បានបង្ហើបថា ពួកគេមានគម្រោងបោះឆ្នោតលើសំណើចោទប្រកាន់ប្រធានាធិបតី យុន សឹកយឹល (Yoon Seok-yeol) នៅម៉ោង ៧:០០យប់ ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដូច្នេះសមាជិកសភា មានពេលវេលាដើម្បីពិចារណាពីសកម្មភាពរបស់លោក យុន សឹកយឹល (Yoon Seok-yeol) ឱ្យបានគ្រប់គ្រាន់ និងដោយប្រុងប្រយ័ត្ន។

គណបក្សប្រឆាំង បានដាក់ញត្តិទាមទារឲ្យដកលោកប្រធានាធិបតី យុន សឹកយឹល ចេញពីតំណែង បន្ទាប់ពីលោកបានប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានសមាជិករដ្ឋសភា បដិសេធ រហូតដល់លោកបានបញ្ជាដកច្បាប់នេះវិញ ក្នុងរយៈពេលត្រឹមតែ ៦ម៉ោង។

ការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង តម្រូវឱ្យមានសំឡេងគាំទ្រពីរភាគបី នៃសភា ដែលមានចំនួន ២០០ លើ ៣០០សំឡេង ក្នុងករណីនេះ គណបក្សប្រឆាំង មានសំឡេងគាំទ្រចំនួន ១៩២ រួចទៅហើយ ដោយនៅសល់ តែ ៨សំឡេងប៉ុណ្ណោះ។

ប៉ុន្តែមុននេះ លោកហាន ដុងហ៊ុន (Han Dong-hun) មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សកាន់អំណាច បានប្រកាសថា លោកនឹងព្យាយាមរារាំងការអនុម័តញត្តិដើម្បីចោទប្រកាន់លោកយុន សឹកយឹល បើទោះបីជាការស្ទង់មតិសាធារណៈរបស់ Realmeter ចុងក្រោយនេះ បង្ហាញថា មនុស្ស ៧៣,៦% គាំទ្រការចោទប្រកាន់ប្រធានាធិបតីក៏ដោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោក វូ ជុងស៊ូ (Woo Jung-soo) ប្រធានការិយាល័យស៊ើប អង្កេតជាតិ នៃទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង បានប្រាប់សមាជិកសភាថា ពេលនេះប៉ូលិស ត្រូវបានចាត់ តាំងឱ្យស៊ើបអង្កេតលើប្រធានាធិបតី យុន សឹកយុល (Yoon Seok-yeol) ពីបទ “ក្បត់ជាតិ” បន្ទាប់ពីគាត់បានប្រកាសប្រើច្បាប់អាជ្ញាសឹក រហូតដល់មានការចលាចល ភ័យស្លន់ស្លោពេញប្រទេស។ អំពើក្បត់ជាតិ ជាបទ ល្មើសដែលអភ័យឯកសិទ្ធិមិនអាចការពារបាន ទោះបីជាគាត់កាន់តំណែងជាប្រធានាធិបតី ក៏ដោយ និងអាចទទួលទោសអតិបរមាដល់ប្រហារជីវិត៕

RELATED ARTICLES