កាលីហ្វ័រញ៉ា (អាមេរិក) ៖ គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ា (California) ធ្វើឲ្យអាជ្ញាធរព្រមានពីរលកយក្សស៊ូណាមិ តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) រាយការណ៍ថា ការរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា នៅវេលាម៉ោង ១០និង៤៤នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

ការរញ្ជួយដីនេះ បានធ្វើឱ្យអាជ្ញាធរចេញការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ទៅភាគខាងត្បូងរដ្ឋអូរេហ្គន (Oregon) ។ ចំណុចកណ្តាលនៃការរញ្ជួយដី គឺនៅជិតទីក្រុងហ្វឺនដេល (Ferndale) ដែលជាទីក្រុងតូចមួយនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា (California) ។ បន្ទាប់ពីការរញ្ជួយដី អភិ បាលរដ្ឋកាលីហ្វ័រញ៉ា លោកហ្គាវីន ញូវសុម (Gavin Newsom) បានបើកកិច្ចប្រជុំមន្ត្រីសង្គ្រោះបន្ទាន់ ដើម្បីជួយសម្របសម្រួល និងសហការសង្គ្រោះជនរងគ្រោះ។

នៅពេលនេះ នៅមិនទាន់ដឹងថា ការខូចខាតការរញ្ជួយដីនេះ បានបង្កឱ្យមានចំនួនប៉ុន្មាននោះទេ ប៉ុន្តែអ្នកក្រុងហ្វឺនដេល (Ferndale) ម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា រញ្ជួយដី បានធ្វើឱ្យវត្ថុនៅក្នុងបន្ទប់ ធ្លាក់ខ្ចាត់ខ្ចាយបែកបាក់ ស្ថានភាពដូចស្ថិតក្នុងតំបន់សង្គ្រាម។

សេវាសង្គ្រោះបន្ទាន់ របស់ការិយាល័យប៉ូលិស Humboldt បាននិយាយថា ពួកគេមិនត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះទេ តែកម្លាំងអន្តរាគមន៍សង្គ្រោះ បានត្រៀមរួចរាល់៕