Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព័ទ្ធចា.../ប់មេតុងទីន ១៣ម៉ឺនដុល្លារ ប្រគ---/ល់ឱ្យប៉ូលិស

ព័ទ្ធចា…/ប់មេតុងទីន ១៣ម៉ឺនដុល្លារ ប្រគ—/ល់ឱ្យប៉ូលិស

ភ្នំពេញ ៖ កូនតុងទីន ១ក្រុម បាននាំគ្នាឃាត់ខ្លួនមេតុងទីនម្នាក់ យកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី ក្រោយពីមេតុងទីនរូបនេះ បានព្យាយាមគេចវេះមិនទទួលខុសត្រូវ ពី១ខែ ទៅ១ខែ រហូតដល់ឆ្នាំ។

ការឃាត់ខ្លួនមេតុងទីននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មេតុងទីនដែលត្រូវកូនតុងទីនព្រួតឃាត់ខ្លួន យកមកប្រគល់ឱ្យសមត្ថកិច្ច មានឈ្មោះអឹម ផារ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេតុងទីន មានលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះមី អេងលី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេតុងទីន (គេចខ្លួន)។ រីឯតំណាងជនរងគ្រោះ ជាកូនតុងទីន មានចំនួន២នាក់ ទី១-ឈ្មោះអេង ស៊ីណាត ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះឃន់ សុចាន់ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ មេផ្ទះ មានលំនៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកលុយតុងទីន ដែលមេតុទីនបានទទួលពីជនរងគ្រោះ ត្រូវបានគេអះអាងថា មានចំនួន ១៣៨ ៣១៥ដុល្លារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យជាមេតុងទីន រស់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានបបួលជនរងគ្រោះ លេងតុងទីន និងខ្ចីលុយជនរងគ្រោះ តែមិនទទួលខុសត្រូវ ដោយគេចវេះមិនសង ពីមួយខែ ទៅមួយខែ រហូតដល់ឆ្នាំ។ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះនិងឈ្មោះទឹម សុវណ្ណរដ្ឋា ឃើញជនសង្ស័យឈ្មោះអឹម ផារ៉ុង ត្រូវជាប្តី នៅផ្ទះភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលេងតុងទីន និងខ្ចីលុយជនរងគ្រោះប្រាកដមែន។ បន្ទាប់មក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES