ភ្នំពេញ ៖ បុរសម្នាក់ ខឹងគេយករថយន្តមកចតមុខផ្ទះរបស់ខ្លួន ស្រាប់តែចេញមកស្រែកឡូឡា រករឿង និងវាយបំបែកកញ្ចក់រថយន្តរបស់គេ បណ្តាលឱ្យរងការខូចខាត រួចបន្តទៅរករឿងសន្តិសុខបុរីម្នាក់ ដែលយាមក្បែរនោះ រហូតស្ទុះទៅដាល់សន្តិសុខ១ដៃទៀតផង បន្ទាប់មកបានរត់ចូលផ្ទះ ចាក់សោសម្ងំឈឹង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ១៧ បុរីសូនី សង្កាត់មានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានយករថយន្ត ១គ្រឿង ម៉ាកកូរ៉ូលឡា ទៅចតនៅមុខផ្ទះរបស់ខ្លួន តែពេលចតរថយន្តនោះបានហៀរមកមុខផ្ទះរបស់ជនបង្កហេតុបន្តិច ខណៈពេលនោះ បុរសជាជនបង្កហេតុ បានចេញមកក្រៅទាំងខឹងសម្បា និងបានស្រែកឡូ ឡារករឿង ហើយក៏បានយកដែកទៅវាយកញ្ចក់រថយន្ត បណ្តាលឱ្យបែកផ្នែកខាងមុខ និងបែកកញ្ចក់មើល ក្រោយ ចំហៀងខាងស្តាំ។ បន្ទាប់ពីវាយកញ្ចក់រថយន្តរួចហើយ បុរសខាងលើបានដើរចេញពីផ្ទះកើតហេតុ ទៅម្តុំផ្សារលឹមឈាងហាក់ បាត់មួយសន្ទុះ ក៏ត្រឡប់មកវិញ ស្រាប់តែទៅរករឿងវាយបុរសជាសន្តិសុខម្នាក់ដែលយាមនៅក្បែរនោះ ចំផ្ទៃមុខ បណ្តាលឱ្យរងរបួសតិចតួច ហើយរត់ចូលទៅក្នុងផ្ទះ ចាក់សោ សម្ងំឈឹងតែម្តង។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន មានទាំងអាវុធហត្ថ ខណ្ឌមាន ជ័យបាន ចុះទៅទីតាំងកើតហេតុ ហើយបានសួរនាំពីដំណើររឿង ក៏បានណែនាំឱ្យភាគីខាងរងគ្រោះដែលត្រូវបានជនបង្កវាយធ្វើឱ្យខូចខាតដូចជារបួសស្នាម សូមទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសមត្ថកិច្ចធ្វើការតាមជំនាញនៅពេលក្រោយ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋផ្សេងទៀត បានបញ្ជាក់ថា បុរសខាងលើ តែងតែបង្កការអុកឡុកនៅតំបន់នោះជាញឹកញាប់ ទោះជាយ៉ាងណា ក្នុងករណីនេះមិនមានបង្កឱ្យមានបងប្អូនប្រជាពលរដ្ឋណារបួសស្នាមធ្ងន់ធ្ងរនោះទេ គ្រាន់តែបង្កការភ័យខ្លាចដល់អ្នកជិតខាងដែលរស់នៅតំបន់នោះតែប៉ុណ្ណោះ ហើយពលរដ្ឋសង្ឃឹមថាសមត្ថ កិច្ចពាក់ព័ន្ធ នឹងមានចំណាត់ការលើបុគ្គលម្នាក់នេះ៕

