Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនទំ.../នើង បា---/ញ់មេឃលេង៧១គ្រាប់

ចិនទំ…/នើង បា—/ញ់មេឃលេង៧១គ្រាប់

ខេត្តតាកែវ ៖ បុរសជាជនជាតិចិនតៃវ៉ាន់ម្នាក់ មិនដឹងជាមានកំហឹងរឿងអ្វី ជាមួយអ្នកណា ស្រាប់តែនៅសុខៗ បានដកកាំភ្លើងខ្លី ១ដើម បាញ់ស្រោចទៅលើមេឃ អស់១បង់ ថែម១បង់ សរុបបាញ់អស់៧១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់វាយខ្នោះខ្មាន់កាំភ្លើង យកមកចាត់ការតាមច្បាប់។

ករណីផ្ទុះអាវុធ (បាញ់បោះសេរី) នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលត្រូវបាសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះឆាយ ជាយូ (CIA JIA YOU) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលប្រជាពលរដ្ឋកំពុងសម្រាន្តលង់លក់ ស្រាប់តែគេបានឮសូរសំឡេងផ្ទុះអាវុធខ្លី ជាបន្តបន្ទាប់ រាប់សិបគ្រាប់ ធ្វើឱ្យផ្អើលដល់មនុស្សម្នាក្រោកពីដេកទាំងអារម្មណ៍ភ័យឆោឡោ និងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ក្រែងជាអំពើឃាតកម្ម ឬមានប៉ះពាល់ដល់អាយុជីវិតមនុស្ស។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះទៅអន្តរាគមន៍ដល់ទីតាំងខាងលើជាបន្ទាន់ និងបានធ្វើការសាកសួរសាក្សីជុំវិញកន្លែងកើតហេតុ ព្រមទាំងប្រមូលបានវត្ថុតាង សំបកគ្រាប់កាំភ្លើងខ្លី ប្រភេទ ៩មិល្លីម៉ែត្រ ចំនួន៧១សំបកគ្រាប់ និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យភ្លាមៗ ដែលទីបំផុតមុខសញ្ញា គឺជាជនជាតិចិនតៃវ៉ាន់ ដែលបានផ្ទុះអាវុធ ចំនួន៧១ គ្រាប់ ជាការបាញ់លេង។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកឧត្តម សេនីយ៍ត្រីស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅវេលាម៉ោង២រសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាយ ជាយូ (CIA JIA YOU) ជនជាតិចិនតៃវ៉ាន់ នៅត្រង់ចំណុចក្នុងបរិវេណថៃខាង រីសត ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដោយដកហូតនូវវត្ថុតាង កាំភ្លើងខ្លី ម៉ាកសិចស៊ូអឺ (SIG SAUER) P365 ពណ៌ខ្មៅ លេខ 66A893275 ចំនួន១ដើម។

ខ្មាន់កាំភ្លើងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES