ខេត្តរតនគិរី ៖ រថយន្តវេអង ១គ្រឿង ឡើងចំណោតមិនរួច រអិលថយក្រោយ ធ្លាក់កន្ទុយរ៉ឺម៉កនៅមាត់ជ្រោះ សំណាងមិនក្រឡាប់ធ្លាក់ចូលជ្រោះ និងមិនបណ្តាលឱ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវ ឬអ្នកបើកបររងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
តាមការបញ្ជាក់ពីតៃកុងរថយន្តវេអង ឈ្មោះម៉ៅ ឆៃ អាយុជាង៣០ឆ្នាំ បានឱ្យដឹងថា ខណៈដែលខ្លួនកំពុងបើក បរក្នុងទិសដៅពីកើត ទៅលិច ដឹកជ័រកៅស៊ូ បានចុះចំណោតអូរត្រាវ អស់ខ្យល់ ពេលឡើងចំណោតវិញ ជាន់ ហ្វ្រាំងមិនស៊ី ក៏ថយក្រោយធ្លាក់កន្ទុយរ៉ឺម៉ករថយន្តនៅមាត់ជ្រោះ ប៉ុន្តែមិនបណ្តាលឱ្យរថយន្តក្រឡាប់នោះទេ។
លោកម៉ៅ ភារម្យ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឱ្យដឹងថា រថយន្តវេអងខាងលើ ពាក់ស្លាក លេខ ស្វាយរៀង 3B-8889 ហើយករណីនេះ មិនបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ ប៉ុន្តែលោកបានណែនាំទៅដល់តៃកុងរថយន្ត ពេលបើកបរ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមានការធ្វេសប្រហែសក្នុងពេលបើកបរ សំណាងហើយមិនមានគ្រោះថ្នាក់ទៅដល់អ្នកដទៃ។
ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានម្ចាស់រថយន្តយករថយន្តស្ទូចមកស្ទូចរថយន្តចេញពីចំណុចកើតហេតុដោយខ្លួនឯង៕