ភ្នំពេញ៖ឆាយ វីរៈយុទ្ធ និងភរិយាអ្នកនាងសែ ចាន់ឌី កំពុងកាន់ទុក្ខរួមគ្នា ដោយសារតែលោកស្រីគង់ ស៊ឹង ម្ដាយរបស់លោកវីរៈយុទ្ធ បានទទួលមរណភាពកាលពីវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគាពាធ។តារារួមអាជីពជាច្រើនបានផ្ញើសាររំលែកទុក្ខដល់តារាចម្រៀងសាន់ដេរូបនេះ ខណៈដែលលោកវីរៈយុទ្ធ រៀបចំធ្វើបុណ្យសពឲ្យម្ដាយនិងផ្អាកការងារសិល្បៈរយៈពេលខ្លី ដើម្បីកាន់ទុក្ខម្ដាយ ។

ឆាយ វីរៈយុទ្ធ តែងតែបង្ហាញការស្រលាញ់ឪពុកម្ដាយលោកតាមរយៈដំណើរកម្សាន្ដជុំគ្នាជាលក្ខណៈគ្រួសារ និងជូនម្ដាយទៅពេទ្យពិនិត្យសុខភាពជាដើម ។ប៉ុន្ដែកំពុងជោគជ័យក្នុងអាជីពសិល្បៈ ម្ដាយក៍ចាកចោលលោកដោយគ្មានថ្ងៃត្រឡប់ឡើយ ទើបធ្វើឲ្យលោកអាលោះអាល័យដល់ម្ដាយខ្លាំងណាស់ រហូតទឹកភ្នែកហូរមិនឈប់ឡើយ បើទោះជាមានភរិយារបស់លោកអ្នកស្រីសែ ចាន់ឌី តាមលួងលោមចិត្តប្ដីយ៉ាងណាក៍ដោយ។

ឆាយ វីរៈយុទ្ធ ថ្លែងទាំងស្រងូតស្រងាត់ថា«មួយជីវិតរបស់កូន សងគុណអ្នកម៉ែមិនអស់ទេ ។ជាតិក្រោយកូនផ្សងកើតជាកូនម៉ែគ្រប់ៗជាតិណាម៉ែណា »។

គួរបញ្ជាក់ថាលោកឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកថាជាតារាមានទ្រព្យច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះលោកអាចរកប្រាក់ចំណូលពីអាជីពសិល្បៈ១ឆ្នាំៗបានរាប់ម៉ឺនដុល្លារ ហើយភរិយាលោកជាកូនពៅអ្នកមានទ្រព្យស្ដុកស្ដមនៅខេត្តកំពង់ចាម ដែលជាអ្នកជំនួញធំលោកហាក់ សែ ។ឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកស្រីសែ ចាន់ឌី កូនសេដ្ឋីក្រុងកំពង់ចាមលោកហាក់ សែ កាលពីថ្ងៃទី២១ខែ៥ ឆ្នាំ២០១៧ ហើយពេលនេះទទួលបានកូនស្រី២នាក់ និងបង្កើតមុខរបរក្រៅសិល្បៈជាបន្ដបន្ទាប់ដូចជាបើកហាងលក់អង្ករ (ស្ដេចអង្ករ) ,មន្ទីព្យាបាលកុមារដំរី និងរកស៊ីផ្នែកអចលនទ្រព្យជាដើម ។អតីតតារាBlue Diamond ,M និងBigMan រូបនេះជាមុខសញ្ញានៃផលិតកម្មហង្សមាស និងGalaxy តែលោកចាន់ឆោម ហៅវីរៈយុទ្ធ នៅតែបន្ដច្រៀងឲ្យសាន់ដេតទៅទៀត ព្រោះបច្ចុប្បន្នលោកជាតួឯកផលិតកម្មនេះ ។លោកវីរៈយុទ្ធ អាចនឹងល្បីល្បាញច្រើនឆ្នាំតទៅទៀតដោយសារតែលោកមានភរិយាជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង ហេតុនេះប្រសិនបើសាន់ដេ ទម្លាក់បទឲ្យយឺត ក៍អ្នកស្រីសែ ចាន់ឌី នៅចាំជួយអន្ដរាគមន៍ក្រោយខ្នងស្វាមីនាងជានិច្ច តាមរយៈការសរសរបទដែលត្រូវនិងសម្លេងរបស់លោកឆោម តែម្ដង ។

ប្រភពបានឲ្យដឹងថាលោកឆាយ វីរៈយុទ្ធ នឹងវិលរកឆាកតន្រ្ដីជាថ្មី ក្រោយពេលដែលធ្វើបុណ្យខួប៧ថ្ងៃឲ្យម្ដាយរួចរាល់។ចំណែកនៅផលិតកម្មសាន់ដេវិញលោកឆោម នៅតែបន្ដចាប់ដៃជាមួយស្រីស្អាតសុខ ពិសី ជាបន្ដទៀត ដែលរយៈពេលចុងក្រោយនេះគេឃើញអ្នកនាងចាន់ឌី ច្រើនតែចុះមើលផ្ទាល់ការថតសម្ដែងរបស់ស្វាមី ប៉ុន្ដែនាងមិនដែលប្រចណ្ឌស្វាមីជាមួយតារាសម្ដែងស្រីណាម្នាក់ទេ ។អ្វីដែលគួរឲ្យកត់សម្គាល់តារាកូន២ វ័យ៣៧ឆ្នាំ លោកចាន់ឆោម អំឡុងមានទុក្ខធំម្ដាយទទួលមរណភាពនេះលោកធ្លាប់ត្រូវបានលោកនូ ស៊ឹប អះអាងថាសម្ថភាពវីរៈយុទ្ធ ក្រោមតែព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះ ៕




