អ៊ីស្រាអែល ៖ មេដឹកនាំអ៊ីស្រាអែល បានបញ្ជាឱ្យទាហានរើលួសបន្លា ដើម្បីកាន់កាប់តំបន់ការពារនៅលើភ្នំ Golan Heights បន្ទាប់ពីកងកម្លាំងស៊ីរី ដកថយដើម្បីគេចពីក្រុមប្រឆាំងដែលបានផ្ដួលរំលំប្រធានាធិបតី បាស្ហារ អាល់-អាសសាដ (Bashar al-Assad) ដោយជោគជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៤ ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហើបថា កងកម្លាំងយោធាអ៊ីស្រាអែល បានកាន់កាប់តំបន់ការពារនៅតំបន់ Golan Heights ដែលត្រូវបានគូរនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ឆ្នាំ១៩៧៤ ជាមួយស៊ីរី។ លោកបាននិយាយថា ខ្លួនបានកាន់កាប់តំបន់ទ្រនាប់ និងមជ្ឈមណ្ឌលបញ្ជាការ។ ពួកគេនឹងមិនអនុញ្ញាតឱ្យកងកម្លាំងស៊ីរី ត្រឡប់មកតំបន់នេះវិញទេ។
លោកនេតាន់យ៉ាហ៊ូ បានថ្លែងបែបនេះ បន្ទាប់ពីលោក រួមជាមួយរដ្ឋមន្ត្រីក្រសួងរពារជាតិ បានធ្វើដំណើរទៅទស្សនាតំបន់តាមបណ្តោយព្រំដែនរវាងប្រទេសស៊ីរី និងតំបន់ Golan Heights បន្ទាប់ពីរដ្ឋាភិបាលលោក បាស្ហារ អាល់-អាសសាដ ត្រូវបានផ្តួលរំលំដោយក្រុមប្រឆាំង រហូតដល់លោកអាសសាដ ត្រូវរត់ចេញពីប្រទេស។លោកនេតាន់យ៉ាហ៊ូ បាននិយាយ ការដួលរលំនៃរបបអាសសាដ វាជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់មជ្ឈិមបូព៌ា នាំមកនូវឱកាសដ៏អស្ចារ្យ ប៉ុន្តែវាក៏ពោរពេញទៅដោយគ្រោះថ្នាក់ផងដែរ។

លោកបាននិយាយថា ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី គឺជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ទៅ លើអ៊ីរ៉ង់ និងក្រុមជីវពល ហេសបូលឡាហ៍ (Hezbollah) លីបង់ ដែលគាំទ្រដោយសម្ព័ន្ធមិត្តរបស់លោកអាសសាដ គឺអ៊ីរ៉ង់ ហើយបានទទូចឲ្យអ៊ីស្រាអែល ពង្រីកសន្តិភាពដល់ប្រជាជនស៊ីរី ដែលចង់រស់នៅដោយសន្តិភាព ជាមួយអ៊ីស្រាអែល។

គួរបញ្ជាក់ថា តំបន់ Golan Heights គឺជាខ្ពង់រាបថ្មមួយ នៅភាគនិរតី នៃទីក្រុងដាម៉ាគុស (Damascus) ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីរដ្ឋធានីស៊ីរី ។ កងទ័ពអ៊ីស្រាអែល ធ្លាប់បានដណ្តើមយកតំបន់ Golan Heights ពីប្រទេសស៊ីរី នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ឆ្នាំ១៩៦៧ ហើយបានបញ្ចូលទឹកដីនេះទៅអ៊ីស្រាអែល។ ប៉ុន្តែក្រោយមក វាមិនត្រូវបានប្រទេសជាច្រើនទទួលស្គាល់ទេ ដោយទឹកដីនេះត្រូវបានចាត់ទុកថាត្រូវបានដណ្តើមកាន់កាប់។ បន្ទាប់មក កិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានធ្វើឡើង និងបានបង្កើតតំបន់ការពារគ្មានយោធា រវាងទឹកដីនៃប្រទេសទាំងពីរ ដោយហាមឃាត់ភាគីណាមួយពីការធ្វើប្រតិបត្តិការយោធា ឬប្រតិបត្តិការនៅក្នុងតំបន់នេះ៕