ភ្នំពេញ ៖ ក្រុមុការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធ ជុំវិញការចោទប្រកាន់ថា សមត្ថកិច្ចប្រើពាក្យជេរប្រមាថទៅលើស្ត្រីម្នាក់ នៅពេលសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជាស្ត្រីនោះទៅវិញទេ ដែលបានជេរ និងចោទសមត្ថកិច្ចថាជាចោរ ខណៈសមត្ថកិច្ចកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវណតប៊្រីដ ខណ្ឌសែនសុខ។
យោងតាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ថា នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគោលដៅ ផ្លូវណតប្រីឌ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ វេលាម៉ោងប្រហែល១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែធ្នូ ២០២៤ មានរថយន្តមួយគ្រឿងម៉ាកកាមរីហាយប៊្រីដ ពាក់ស្លាក លេខ ភ្នំពេញ 2BR-9207 បើកបរដោយឈ្មោះសុខ ចំរើន ភេទប្រុស ធ្វើដំណើរទិសដៅពីជើងទៅត្បូង (ក្នុងរថយន្តមានអ្នករួមដំណើរ២នាក់ប្តី ប្រពន្ធ) បានធ្វើដំណើរចូលគោលដៅត្រួតពិនិត្យជាតិស្រវឹង ខណៈនោះសមត្ថកិច្ចបានស្នើសុំឱ្យអ្នកបើកបរសហការណ៍ចុះផ្លុំជាតិស្រវឹង។
នៅពេលនោះអ្នកបើកបរក៏បានសហការ ហើយត្រួតពិនិត្យ មានជាតិស្រវឹង 0,50Mg/1L ខណៈនោះសមត្ថកិច្ចក៏ចេញបង្កាន់ដៃផាក ពិន័យប្រាក់ចំនួន២លានរៀល។ ក្រោយពីចេញបង្កាន់ដៃរួច អ្នកបើករថយន្ត ក៏ទៅសម្រាកក្នុងរថយន្តរបស់គាត់មិនបាន យកថវិកាមកបង់ផាក ពិន័យនោះទេ។
លុះនៅពេលជិតដល់ម៉ោងកម្លាំងសមត្ថកិច្ចត្រូវសម្រាកពីការងារ ក៏បានអញ្ជើញអ្នកបើករថយន្តមកសួរនាំរឿងផាកពិន័យ ដោយសួរ គាត់ថា “បង់ ឬមិនទាន់បង់ថវិកាផាកពិន័យ” ខណៈនោះគាត់បានយល់ព្រមបង់ផាក ពិន័យតាមច្បាប់គ្មានការតវ៉ាអ្វីនោះទេ។ បន្ទាប់មកគាត់ក៏ដើរ ចេញពីតុផាកពិន័យរបស់សមត្ថកិច្ចទៅឡើងរថ យន្តវិញ។ ពេលចូលដល់ក្នុងរថយន្តហើយ មិនដឹងគាត់និយាយអ្វីជាមួយប្រពន្ធគាត់នៅក្នុងរថយន្ត នោះ ស្រាប់ តែស្ត្រីជាប្រពន្ធក៏បើកទ្វារថយន្តដែលមានកាយវិកាទំនងជាស្រវឹងស្រាផងដែរ ហើយឈរនៅក្បែររថយន្តរបស់គាត់ស្រែកជេរ និង ចោទពួកសមត្ថកិច្ចថា ជាចោរ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានថតសកម្មភាពស្ត្រីនោះវិញ ហើយស្ត្រីនោះក៏បានសំណូមពរសមត្ថកិច្ចកុំឱ្យថតគាត់ នៅពេលនោះផងដែរ។
ខណៈនោះទោះបីសមត្ថកិច្ចបានណែនាំស្ត្រីនោះយ៉ាងណាក៏ដោយ ក៏គាត់មិនស្តាប់សមត្ថកិច្ចនោះទេ ថែមទាំងប្តីរបស់ស្ត្រីនោះខំប្រឹង និយាយប្រាប់ស្ត្រីនោះកុំឱ្យឡូឡាផងនោះទៀត ប៉ុន្តែគឺគាត់មិនស្តាប់នោះឡើយប្រឹងតែថតសមត្ថកិច្ចចោទប្រកាន់សមត្ថកិច្ចអនុវត្តច្បាប់ថាជាចោរ ខណៈដែលសមត្ថកិច្ចបំពេញភារកិច្ចតាមគោល ការណ៍របស់ថ្នាក់ដឹកនាំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍។ ស្ត្រីនោះ និងប្តីបន្ទាប់មកក៏ឡើងជិះរថយន្តទៅបាត់។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សចាត់ទុកការប្រើពាក្យសំដីអសីលធម៌របស់ស្ត្រីនោះ មកលើសមត្ថកិច្ចដោយ មិនឆ្លុះបញ្ចាំងពីការទទួលស្គាល់កំហុសរបស់ខ្លួន ហើយបែរប្រឹងថតចោទសមត្ថកិច្ចផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលនាំឱ្យមហាជនយល់ច្រឡំពី ការអនុវត្តច្បាប់ដ៏ត្រឹមត្រូវរបស់សមត្ថកិច្ច។សូមបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឡើងនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញតាមគោលការណ៍ថ្នាក់លើ១សប្តាហ៍ ចុះអនុវត្ត៣ថ្ងៃ ដោយចាប់ពីវេលាម៉ោង១១យប់ រហូតដល់ម៉ោង២រំលអធ្រាត្រ។៕