ភ្នំពេញ ៖ យុវជនម្នាក់ បានអះអាងថា ខ្លួនបានទាក់ទងស្នេហ៍នារីម្នាក់ បានប្រមាណ២ខែ ស្រាប់តែខាងស្រីដែលអះអាងថាខ្លួនជានិស្សិត បានលួងលោមខ្ចីទូរស័ព្ទ និងអាយផេត (iPad) ថាយកទៅធ្វើការងារសាលា (Assignment) តែបែរជាយកទៅបញ្ចាំ រួចព្យាយាមគេចមុខ និងថែមទាំងប្លុកទាំងហ្វេសប៊ុក និងលេខទូរស័ព្ទខ្លួនចោល ទីបំផុតខាងប្រុសតាមរកមុខឃើញ ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាទាំងយប់ ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតំបន់អភិវឌ្ឍបឹងកក់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសម្តីភាគីប្រុស ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា រវាងខ្លួន និងនារីខាងលើ គឺជាសង្សារ តែជាសង្សាររយៈពេលខ្លីប៉ុណ្ណោះ ពោលគឺទាក់ទងគ្នាបានប្រមាណ២ខែ ហើយក៏មិនមែនជាទំនាក់ទំនងអ្វីស៊ីជម្រៅដែរ ដោយខាងស្រី ជាអ្នកឆាតមកខ្លួនមុន ហើយក៏មានទំនាក់ទំនងជាមួយគ្នា។ ដំបូងឡើយ ខាងស្រី បានអះ អាងថា នាងជានិស្សិត រៀននៅសាកលវិទ្យាល័យមួយ និងស្នាក់នៅបុរីអ័រគីដេ លុះក្រោយពីស្រលាញ់គ្នាជាសង្សារ ទើបនឹងបានប្រមាណ២ខែ ស្រាប់តែខាងស្រី បានលួងលោមខ្ចីអាយផេត (iPad) របស់ខ្លួនយក ទៅប្រើ រួចហើយបានយកមកប្រគល់ឱ្យខ្លួនវិញ ម្តងហើយ។
ភាគីខាងប្រុស បានបន្តថា លុះបន្ទាប់មកទៀត នារីជាសង្សារ បានសុំខ្ចីអាយផេត (iPad) និងទូរស័ព្ទ សរុបគិតជាលុយ មានចំនួន ១២០០ដុល្លារ ដោយប្រាប់ថា យកទៅធ្វើការងារសាលា (Assignment)។ ចំណែកខ្លួន ដោយមានការជឿទុកចិត្តលើនារីជាសង្សារ ទើបយល់ព្រមឱ្យនាងខ្ចីទាំងទូរស័ព្ទ និងអាយផេត ស្រាប់តែពេល នារីជាសង្សារនេះ ខ្ចីបានមួយរយៈខ្លី ស្រាប់តែនាងចាប់ផ្តើមប្លុកទាំងលេខទូរស័ព្ទ និងឆាតរបស់ខ្លួនជាសង្សារ ចោលអស់។ លុះក្រោយមក ខ្លួនបានព្យាយាមទាក់ទងនាងបាន និងសួរនាំរឿងទូរស័ព្ទ និងអាយផេត ស្រាប់តែនាងបានប្រាប់ថា យកទៅបញ្ចាំអស់ហើយ ដោយមានទាំងលិខិតបញ្ចាំ បង្ហាញឱ្យខ្លួនឃើញទៀតផង។ លុះខ្លួនទាមទារឱ្យលោះយកមកសងវិញ បែរជានាងព្យាយាមគេចវេះរហូត អស់រយៈពេល៣-៤ខែមកហើយ។
ភាគីប្រុស បានបញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានតាមរកនាងឃើញ ហើយក៏បានប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយពីមានការប្តឹងផ្តល់បែបនេះ នារីខាងលើ បានទាក់ទងទៅឪពុកម្តាយរបស់នាង ដើម្បីមកជួយសម្រប សម្រួល តែម្តាយនាងមកដល់ បែរជានិយាយប្រាប់ថា ពួកគាត់ស្នេហាគ្នា គឺខ្ចីគ្នាទៅវិញទៅមក ជារឿងធម្មតាទេ។
តាមសម្តីស្ត្រីជាម្តាយខាងស្រី បានបញ្ជាក់ថា រវាងកូនស្រីគាត់ និងយុវជនជាម្ចាស់អាយផេតនោះ គឺជាសង្សារនឹងគ្នា ដោយខាងប្រុស បានលួងលោមតាមស្រលាញ់កូនស្រីគាត់ និងបានយកអាយផេត និងទូរស័ព្ទ មកឱ្យកូនស្រីគាត់ប្រើ ជាការទាក់ចិត្ត។ ចំពោះរឿងកូនស្រី គាត់បញ្ចាំអាយផេតនោះ គឺគាត់មិនបានដឹងទេ តែតាមកូនស្រីគាត់ប្រាប់ គឺរបស់នោះ ត្រូវមិត្តភក្តិនាងខ្ចីបន្ត ហើយក៏យកទៅបញ្ចាំ ពោលគឺចាញ់បោកតគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ នាំភាគីទាំងសងខាង ទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងរកដំណោះស្រាយ៕