ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ ជាម្ចាស់ផ្ទះខារ៉ាអូខេ រួមនិងបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវ ជ្រាវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៥កញ្ចប់។ការបង្ក្រាបករណីជួញដូរនិងរក្សាទុកនូវសាធាតុញៀនដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង៤៧នាទី រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះបើកខារ៉ាអូខេ១កន្លែងយីហោ វិរតន៍១៦៨ ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះអុំ ឆវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបើកខារ៉ាអូខេនៅផ្ទះ មានលំនៅ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន និងទី២-ឈ្មោះសៅ មករា ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោកទិន សុចិត្រា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២និង៤៧នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាបនិងឃាត់ ខ្លួនជនសង្ស័យប្រុសស្រី ចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចខារ៉ាអូខេ វិរតន៍១៦៨ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ដោយដកហូតវត្ថុតាង រួមមាន ម្សៅក្រាមសថ្លា ចំនួន៥កញ្ចប់ធំល្មម ម៉ូតូ ១គ្រឿង ទូរស័ព្ទ ចំនួន៤គ្រឿង ជញ្ជឹងថ្លឹង ចំនួន១គឿង នាឡិកា ចំនួន ៣គ្រឿង និងលុយ ចំនួន ១០ម៉ឺនរៀល ។
ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕