Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអុី​រ៉ង់​លក់ ប្រេងឆៅ​ថោកជាង OPEC ១,៤៩ដុល្លារ/បារ៉ែល

អុី​រ៉ង់​លក់ ប្រេងឆៅ​ថោកជាង OPEC ១,៤៩ដុល្លារ/បារ៉ែល

ទីផ្សារប្រេង៖ ទីភ្នាក់ងារព័ត៌មាន IRNA បានរាយការណ៍ថា​ប្រទេស​អ៊ីរ៉ង់​បាន​លក់​ចេញ​នូវ​ប្រេង​ឆៅ​ក្នុង​តម្លៃត្រឹមតែ​៥១,៤៤ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយបារ៉ែល​នៅក្នុង​សប្តាហ៍​ដែល​បញ្ចប់​ត្រឹម​ថ្ងៃទី​១០​ខែកុម្ភះ​កន្លងមកនេះ​ ដែល​ជា​តួលេខ​ថយចុះ​១,៥៧​ដុល្លារ​ពី​សប្តាហ៍មុន ។

តម្លៃ​ប្រេងឆៅ​ប្រភេទស្រាល​របស់​អ៊ីរ៉ង់​មាន​ហាងឆេង​​៥២,២៩​ដុល្លារ​ជាមធ្យម​ចាប់តាំងពី​ដើមឆ្នាំ​២០១៧​រហូតដល់​ថ្ងៃ​ទី​១០ខែ​កុម្ភះ​ ។ ទន្ទឹមនិងនេះ​អ៊ីរ៉ង់​​លក់​ចេញ​ប្រេង​ឆៅ​ប្រភេទ​ធ្ងន់​របស់​ខ្លួន​ក្នុង​ហាងឆេង​៥២,៧៦​ដុល្លារ​ក្នុងមួយបារ៉ែល​​ឡើង​ថ្លៃ​៦សេន​ពី​សប្តាហ៍មុន ។

ចំណែក​តម្លៃ​ប្រេង​កម្រិត​ធ្ងន់​របស់អ៊ីរ៉ង់​គឺលក់ចេញ​ត្រឹមតែ​៥២​,១៩​ដុល្លារ​ជាមធ្យម​ចាប់ពីដើម​ឆ្នាំ​២០១៧​រហូតដល់​ថ្ងៃទី​១០ខែ​កុម្ភះ ។

នៅគ្រានោះដែរ​ជាមួយនិង​ការ​ធ្លាក់ថ្លៃ​២៥សេនពី​សប្តាហ៍មុនរបស់ខ្លួន​ តម្លៃ​ហាងឆេង​ប្រេង​គោល​របស់​ OPEC គឺ​៥២,៩៣​ដុល្លារ​ក្នុងមួយ​បារ៉ែល​។

អគ្គនាយ​ក​គ្រប់​គ្រង​​​ក្រុមហ៊ុន​ប្រេងជាតិ​​អ៊ីរ៉ង់​លោក Ali Dardor បាន​ថ្លែងកាល​ពីថ្ងៃ​សៅរ៍ថា​ផលិតកម្ម​ប្រេង​ក្នុង​ប្រទេស​អ៊ីរ៉ង់​នឹង​ឈាន​ដល់​៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​តាម​រយៈ​ការ​ចាប់ផ្តើម​នៃ​ប្រតិទិន​ឆ្នាំថ្មី​របស់​អ៊ីរ៉ង់​(ថ្ងៃទី​២១មីនា)​ខាងមុខនេះ​។

មន្ត្រីក៏បាន​ប្រកាសថា​ផែនការណ៍​អភិវឌ្ឍន៍​ជាតិ​ដំណាក់​កាលទី​៦​របស់​អ៊ីរ៉ង់​(២០១៦-២០២១) បានពិចារណា​អំពីផលិតកម្ម​ប្រេង​ប្រចាំថ្ងៃ​៤,៧លាន​បារ៉ែល​។

យោងតាម​ការ​ស្ទង់​មតិ​ដោយ​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១​ខែមករា​ អ៊ីរ៉ង់​បានបង្កើន​ទិន្នផល​ប្រេង​របស់ខ្លួន​២០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃក្នុងខែ​មករា​ បន្ទាប់ពី​ប្រទេស​នេះ​ត្រូវបានលើកលែងពីការកាត់​បន្ថយ​ផលិត​កម្ម​របស់​អង្គការ​ប្រេង OPEC ។

យោងតាម​រដ្ឋមន្ត្រី​ប្រេង​អ៊ីរ៉ង់​លោក Bijan Namdar Zanganeh ឲ្យ​ដឹងថា​ទិន្នផល​ប្រេងឆៅ​​អ៊ីរ៉ង់​គឺមាន​ចំនួន​៣,៩​លានបារ៉ែល​ក្នុង​មួយថ្ងៃ​ក្នុង​ខែ​មករា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES