អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានទទួល ស្គាល់ថា ទាហានអ៊ុយក្រែន ប្រមាណ ៤៣ ០០០នាក់ បានស្លាប់ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានពេញទំហឹងក្នុងប្រទេសអ៊ុយក្រែន។
តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា ប្រធានាធិបតីអ៊ុយក្រែន លោក លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានបង្ហោះនៅលើបណ្តាញសង្គមថា ជនរងគ្រោះ ៣៧០ ០០០នាក់ ត្រូវបានរាយការណ៍ ទោះបីជាចំនួននេះរាប់បញ្ចូលទាំងទាហានដែលរងរបួសច្រើនជាងមួយដងក៏ដោយ និងខ្លះរងរបួសស្រាល។ លោកក៏បានអះអាងដែរថា ចំណែកទាហានរុស្ស៊ី ១៩៨ ០០០នាក់ត្រូវបានសម្លាប់ និង ៥៥០ ០០០នាក់ បានរងរបួស។
ថ្វីបើអ៊ុយក្រែន និងរុស្ស៊ី តែងតែផ្សព្វផ្សាយការប៉ាន់ប្រមាណនៃការខាតបង់របស់គ្នាទៅវិញទៅមក ប៉ុន្តែប្រទេសទាំងពីរ ជាញឹកញាប់មិនបង្ហាញតួលេខរបស់ខ្លួនទេ។ តួលេខថ្មី បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំមក ហើយពេលវេលាចុងក្រោយ ដែលលោកហ្សេឡេនស្គី បានផ្តល់ព័ត៌មានថ្មីៗអំពីចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះលោកបានបញ្ជាក់ថា ទាហាន៣១ ០០០នាក់ បានស្លាប់។
ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងត្រូវបានទាមទារឱ្យបញ្ចេញតួលេខនេះ បន្ទាប់ពីលោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក បានសរសេរនៅលើបណ្តាញសង្គមថា អ៊ុយក្រែន បានបាត់បង់ទាហាន ៤០០ ០០០នាក់ ខណៈដែលទាហានរុស្ស៊ី ជិត ៦០០ ០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ប៉ុន្តែលោកត្រាំ មិនបានបញ្ជាក់ថា ចំនួនទាំងនោះ មកពីណានោះទេ។ លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ជាយូរមកហើយថា លោកចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន ព្រោះមិនចង់ឲ្យមានការបាត់បង់ជីវិតមនុស្សដោយមិនចាំបាច់។ ការប៉ាន់ប្រមាណរបស់លោកហ្សេឡេនស្គី អំពីការខាតបង់របស់រុស្ស៊ី គឺ ស្រដៀងនឹងអ្វីដែលមន្ត្រីជាន់ខ្ពស់លោកខាងលិច បានថ្លែង ដែលគេបានប៉ាន់ស្មានថា រុស្សីបានបាត់បង់ទាហានប្រហែល ៨០០ ០០០នាក់ ទាំងស្លាប់ និងរបួស។
បើតាមក្រសួងការពារជាតិចក្រភពអង់គ្លេស ប្រទេសរុស្ស៊ី បានបាត់បង់ទាហាន ៤៥ ៦៨០នាក់ នៅក្នុងខែវិច្ឆិកា ដែលច្រើនជាងខែផ្សេងទៀត។ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយអ៊ុយក្រែន ពេញលេញក្នុងខែកុម្ភៈ ឆ្នាំ២០២២ បើតាមការប៉ាន់ស្មានចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានរកឃើញថា ជាមធ្យមទាហានរុស្ស៊ី ចំនួន ១៥២៣នាក់ ត្រូវបានសម្លាប់ ឬរងរបួស ក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ក្រសួង បាននិយាយថា ប្រទេសរុស្ស៊ី បានបាត់បង់ទាហាន ជាង ២០០០ នាក់ ក្នុងមួយថ្ងៃ។
រុស្ស៊ី ជំទាស់នឹងតួលេខនេះ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ុយក្រែន បានបាត់បង់ទាហានច្រើនដង ច្រើនជាងរុស្ស៊ី។ ចំពោះប្រទេសផ្សេងៗ មានការយល់ស្របថា ចំនួនទាហានរុស្ស៊ី មានច្រើនជាងចំនួនទាហានអ៊ុយក្រែន ព្រោះគេប្រើយុទ្ធសាស្ត្រ «កិនសាច់»។
កម្លាំងរុស្ស៊ី បានបន្តដំណើរទៅមុខ ដោយ ពួកគេបានរឹបអូសយកដីប្រមាណ ២៣៥០ គីឡូម៉ែត្រក្រឡា មកវិញ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងនៅតំបន់ខឺសក៍ (Kursk) ភាគខាងលិចនៃប្រទេសរុស្ស៊ី តាំងពីដើមឆ្នាំ។ កម្លាំងអ៊ុយក្រែន នៅតែគ្រប់គ្រងទឹកដីរុស្ស៊ី មួយចំនួនតូច ដែលត្រូវបានកាន់កាប់ អំឡុងពេលការលុកលុយដ៏ភ្ញាក់ផ្អើលក្នុងខែសីហា។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានអ៊ុយក្រែន ជាង ៣៨ ០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងតំបន់ខឺសក៍៕