កូរ៉េខាងត្បូង ៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង កំពុងជំរុញឱ្យសភា អនុម័តញត្តិមួយ ដើម្បីបោះឆ្នោតដកតំណែងប្រធានាធិបតី យុន សឹកយឹល (Yoon Seok Yeol) ជាលើកទីពីរ នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤។ជាមួយគ្នានេះ សមាជិសភាបក្សប្រឆាំង ក៏ជំរុញឲ្យមានការបង្កើតក្រុមប្រឹក្សាពិសេស ដើម្បីស៊ើបអង្កេតលើលោកស្រី គីម គុនហ៊ី (Kim Gun Hee) ភរិយាប្រធានាធិបតី យុន សឹកយឹល លើការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ កន្លងមកផងដែរ។
ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោកលី ចែម្យុង (Lee Jae Myung) មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងសំខាន់របស់កូរ៉េខាងត្បូង បាននិយាយថា គណបក្សនឹងដើរទៅមុខតាមផែនការដើម ដើម្បីអនុញ្ញាតឱ្យសមាជិកសភា បើកការបោះឆ្នោតដកតំណែងប្រធានាធិបតី យុន សឹកយឹល (Yoon Seok Yeol) ម្តងទៀត នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន មិនបានជោគជ័យ ពាក់ព័ន្ធករណីការប្រកាសប្រើច្បាប់អាជ្ញាសឹក។
ទន្ទឹមនឹងនេះ ប្រធានគណបក្សប្រឆាំង បានលើកឡើងថា លោកនឹងបញ្ជាក់ពីកំហុសរបស់គាត់ម្តងទៀត ដើម្បីទាមទារឲ្យប្រធានាធិបតី យុន សឹកយឹល ត្រូវតែលាលែងពីតំណែងជាបន្ទាន់ បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការដកចេញពីតំណែង។ ជាមួយគ្នានេះ លោកក៏បានថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សកាន់អំណាច នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ដែលបាននិយាយ ពួកគេនឹងរៀបចំផែនការឲ្យលោកយុន សឹក យឹល លាលែងពីតំណែង មុនពេលកំណត់ យ៉ាងមានរបៀបរៀបរយ។
គួរបញ្ជាក់ថា ការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់លោកប្រធានាធិបតី យុន សឹកយឹល បានធ្វើឱ្យប្រទេសទាំង មូលមានការភ័យស្លន់ស្លោ ហើយបានរំលឹកមនុស្សជាច្រើន អំពីរបបផ្តាច់ការដែលគាំទ្រដោយយោធារបស់ប្រ ទេសនេះ កាលពីអតីតកាល។ ក្នុងន័យនេះ នៅក្នុងការបោះឆ្នោតចុងក្រោយ សមាជិកសភាបក្សកាន់អំណាចភាគច្រើន បានធ្វើពហិការ មិនចូលរួមការបោះឆ្នោត ដើម្បីរារាំងសំឡេងភាគច្រើន ពីរភាគបី ដែលត្រូវការដើម្បីព្យួរអំណាចប្រធានាធិបតី។
ទោះបីជាយ៉ាងណា អ្នកវិភាគនិយាយថា ទោះបីជាលោកយុន សឹកយឹល បានរួចផុតពីការបោះឆ្នោតដកតំណែង ប៉ុន្តែលោកប្រធានាធិបតី នៅតែមានវាសនាមិនច្បាស់លាស់។ បរាជ័យក្នុងការបោះឆ្នោតដកតំណែងប្រធានា ធិបតីនេះ បង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងភាពចលាចលនយោបាយកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង៕