Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សន្តិសុខទា.../ត់១ជើង អ្នកលក់ម៉ាំ ទា---/ត់សង១ជើង បាន៧០ដុល្លារ

 សន្តិសុខទា…/ត់១ជើង អ្នកលក់ម៉ាំ ទា—/ត់សង១ជើង បាន៧០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកលក់ម៉ាំ តាមម៉ូតូ ដាក់មេក្រូច្រៀងតាមផ្លូវ បានជិះម៉ូតូដើរលក់ម៉ាំចូលក្នុងតំបន់ហាមឃាត់ក្នុងបរិវេណកោះពេជ្រ ត្រូវសន្តិសុខកោះពេជ្រឃាត់  និងហាមប្រាមមិនស្តាប់ កើតជាជម្លោះពាក្យសម្តី និងឈានដល់អំពើហិង្សា ដោយភាគីសន្តិសុខ បានទាត់បុរសលក់ម៉ាំ ១ជើង ចំណែកបុរសជាអ្នកលក់ម៉ាំ ស្ទុះមកទាត់សន្តិសុខ ១ជើងវិញ ផ្អើលដល់ សមត្ថកិច្ច ចុះអន្តរាគមន៍ ហៅភាគីទាំងសងខាងទៅសាកសួរ។ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ភាគីបុរសលក់ម៉ាំ មានឈ្មោះមាឃ ករុណ អាយុ២៩ឆ្នាំ មុខរបរលក់ម៉ាំ មានស្រុកកំណើតនៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងជុំវិញករណីហិង្សារវាងសន្តិសុខកោះពេជ្រ ជា មួយបុរសជាអ្នកលក់ម៉ាំ តាមម៉ូតូម្នាក់ ហើយត្រូវខាងសន្តិសុខនាំយកបុរសលក់ម៉ាំ ទៅស្នាក់ប៉ុស្តិ៍សន្តិសុខ ដើម្បីសាកសួរ អប់រំបន្ថែមទៀតផងនោះ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាននគរបាលទន្លេបាសាក់ បានចុះទៅសាកសួរភាគីទាំងសងខាង អំពីដើមហេតុ ដែលនាំឱ្យកើតមានជាអំពើហិង្សា។

តាមសម្តីភាគីសន្តិសុខកោះពេជ្រ បានបញ្ជាក់ថា ដំបូងឡើយ ខាងសន្តិសុខរបស់ពួកគាត់ បានណែនាំបុរសជាអ្នកលក់ម៉ាំ តាមម៉ូតូខាងលើ កុំឱ្យជិះចូលកន្លែងដែលគេហាមឃាត់ ហើយស្រែកច្រៀងតាមមេក្រូ រញ៉េរញ៉ៃ លុះពេលណែនាំម្តងហើយម្តងទៀត នៅតែមិនស្តាប់ រហូតដល់ថ្ងៃកើតហេតុ បុរសជាអ្នកលក់ម៉ាំនោះ នៅតែបន្តជិះម៉ូតូចូលទៅកន្លែងដែលគេហាមឃាត់ដដែល ទើបខាងសន្តិសុខ បានទៅនិយាយណែនាំសាជាថ្មី ធ្វើឱ្យកើតជាជម្លោះពាក្យសម្តី ហើយឈានដល់រូបភាពហិង្សាតែម្តង។

ដោយឡែកភាគីបុរសជាអ្នកលក់ម៉ាំ បានអះអាងថា មុនពេលកើតហេតុ ខាងសន្តិសុខ បានទាត់គាត់ ១ជើងមុន ទើបគាត់ទ្រាំមិនបាន ក៏ទាត់សន្តិសុខ ១ជើងវិញ ធ្វើឱ្យកើតជាជម្លោះកាន់តែខ្លាំងតែម្តងទៅ។

ជាមួយនេះ ស្ត្រីជាប្រពន្ធបុរុសលក់ម៉ាំ ដែលបានធ្វើដំណើរមកដល់ប៉ុស្តិ៍នគរបាល ជាមួយនឹងកូនតូចផងនោះ បានបញ្ជាក់ប្រាប់ថា  ប្តីរបស់គាត់ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាល ហើយគាត់មានបញ្ហាខួរក្បាលតិចតួច ទើបពេលខ្លះនិយាយស្តាប់គ្នាមិនបាន។

ពាក់ពន្ធ័ករណីខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចសាកសួរភាគីទាំងសងខាងរួច ខាងបុរសជាអ្នកលក់មាំ មិនបានប្តឹងផ្តល់អ្វីនោះទេ ហើយខាងសន្តិសុខ ក៏ជួយចេញសំណងថ្លៃការខូចខាត របស់របរ ដូចជាម៉ាំ ជ្រក់ជើងមាន់ និងត្រី សរុប៧០ដុល្លារ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES