ភ្នំពេញ៖តារាសម្ដែងនិងអតីតFreshie នាងសួង ស៊ីធឿន ដែលទើបបាត់មុខពីអាជីពសម្ដែងជាង២ឆ្នាំ ពេលនេះមានកូន១ទៅហើយ ក្រោយនាងបានភ្ជាប់ពាក្យជាមួយតារាសម្ដែងលោកអ៊ូ សំខាន់ កាលពីឆ្នាំ២០២២ ។ស៊ីធឿន បានបីកូនស្រី និងបណ្ដើរស្វាមីទៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង នៅថ្ងៃទី១១ ធ្នូ ដើម្បីសុំពរជ័យពីព្រះអង្គគូ សុភាព ព្រោះជាថ្ងៃចេញខែកូនស្រីនាងឈ្មោះសោម៉ា អាយុ១ខែ ហើយនាងនិងស្វាមីថាចង់ឃើញកូននាងធំ ឡើងក្លាយទៅជាបុគ្គលល្អនៅក្នុងសង្គម ។តារារួមអាជីពបានសម្ដែងការភ្ញាក់ផ្អើលថាស៊ីធឿន ហៅអាតូច មិនដែលបង្ហាញរឿងមានផ្ទៃពោះសោះ តែពេលនេះមានកូន១បាត់ ។ទន្ទឹមគ្នានេះដែរ គេសរសើរថានាងនិងស្វាមី សាកសមគ្នា ហើយមើលទៅលោកសំខាន់ ជាសុភាពបុរសស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ។



អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកទៅសាកសួរនាងសួង ស៊ីធឿន រឿងសម្រេចចិត្តយកកូនមុនរៀបការ ប៉ុន្ដែនាងមិនទាន់ឆ្លើយតបទេ គិតត្រឹមរសៀលថ្ងៃទី១១ ខែធ្នូ ។យ៉ាងណាគូស្នេហ៍ស៊ីធឿន-សំខាន់ មុនយកកូនដំបូងរួមគ្នា កាលពីចុងឆ្នាំ២០២២ ពួកគេបានបើកមុខរបរក្រៅសិល្បៈចូលលុយគ្នានោះគឺផ្ទះសំណាក់ឃ្វីន ប៉ូទិក (Queen Boutique) ដែលមាន២០បន្ទប់នៅផ្លូវ២០០៤ ព្រមទាំងសម្លឹងឃើញទីតាំងផ្សេងទៀតក្នុងការពង្រីកសាខាផ្ទះសំណាក់យីហោនេះទៀតផង ទើបគិតគួររឿងរៀបការតាមក្រោយ ។ប៉ុន្ដែពេលនេះនាងនិងគូស្នេហ៍បានយកកូនមុនក្រាបផ្ទឹមទៅហើយ បន្ទាប់ពីពួកគេបានពិសោធន៍មើលចិត្តថ្លើមគ្នាជាង២ឆ្នាំ ក្រោយក្លាយទៅជាគូដណ្ដឹង។


គួររំលឹកថាសួង ស៊ីធឿន ជាតារាសម្ដែងភាពយន្ដ ខារ៉ាអូខេ និងម៉ូដែលម្នាក់ដ៍គួរឲ្យទាក់ទាញធ្លាប់បានភ្ជាប់ ពាក្យជាមួយបុរសកូនអ្នកមានទ្រព្យម្នាក់គឺលោកសូ ដារ៉ា ជាមន្រ្ដីបម្រើរការនៅអង្គភាពប្រឆាំងអំពើរពុករលួយ(ACU)តែជិតដល់ថ្ងៃរៀបការគូដណ្ដឹងនាងបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែ៨ ឆ្នាំ២០១៩ ។ស្រីស្រស់បានគ្រាំគ្រាបេះដូងខ្លាំងណាស់និងកាន់ទុក្ខអតីតគូដណ្ដឹងជាច្រើនខែ ទើបអាចរំសាយទុក្ខ សោកបេះដូងបន្ដិចម្ដងៗ ហើយនាងបានជួបនិងភ្ជាប់ស្នេហ៍ជាមួយលោកអ៊ូ សំខាន់ នៅពេលដែលនាងបានសម្ដែងភាពយន្ដរឿង«សំណើច652Km » របស់ផលិតកម្មក្រុងពិជ័យ កាលពីឆ្នាំ២០១៩ ដែលរូបនាងជាតួឯក ស្រី ចំណែកលោកសំខាន់ ជាតួឯកប្រុស ។ ឥឡូវស្រីស្រស់មានកូន១ហើយ ដែលធ្វើឲ្យអាជីពសិល្បៈរបស់នាងកាន់តែរយាលៗ ថែមទៀត ខណៈដែលតាំងពីក្លាយទៅជាថៅកែស្រីផ្ទះសំណាក់នោះមកនាងបានដកខ្លួនពីអាជីពសម្ដែងបន្ដិចម្ដងៗ រហូតសឹងតែបាត់សកម្មភាពនាងទាំងស្រុងទៅហើយមុនសម្រាលកូន ។


សូមរំលឹកថាស្រីស្អាតសួង ស៊ីធឿន ដែលមានត្រេមុខស្រដៀងតារាថៃ មុនបានប្ដីនិងកូន១នាងធ្លាប់ថតជាតួ ឯករឿង«អង្រឹង» ,«សសរកន្លោង » ,«ឯណាខ្មោច?» និងរឿងទារុណកម្មខោច» ជាដើម ។ចំណែកមជ្ឈដ្ឋានមហាជនសង្កេតឃើញថារយៈពេលចុងក្រោយនេះបរិមាណតារាយកកូនមុនរៀបការកាន់តែមានកំណើន ដែលបញ្ហានេះដោយសារតែពួកគេជឿជាក់គ្នា១០០% និងគិតថារឿងរៀបការជាជំហ៊ានបន្ទាប់ ព្រោះអ្នកខ្លះរៀបការលឿនបែបគ្នាក៍លឿន ។ប៉ុន្ដែសម្រាប់តារាជាគំរូររបស់ទស្សនិកជន ហេតុនេះបើពួកគេលេងតាមស្ទីលអ៊ឺរ៉ុបកាន់តែច្រើន នឹងធ្វើឲ្យជះឥទិ្ធពលមិនល្អដល់ប្រពៃណីខ្មែរខ្លះៗជាមិនខាន ៕
