ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីល លោកលូឡា ដា ស៊ីលវ៉ា (Lula da Silva) បានទទួលការវះកាត់ការហូរ ឈាមក្នុងខួរក្បាល ដោយសារការដាច់សរសៃឈាមខួរក្បាល បានជោគជ័យ ហើយពេលនេះគាត់បានដឹងខ្លួន រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤ ថា លោកប្រធានាធិបតី លូឡា ដា ស៊ីលវ៉ា នៃប្រទេសប្រេស៊ីល អាយុ ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងប្រាស៊ីលីយ៉ា (Brasilia) កាលពីថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីឈឺក្បាលធ្ងន់ធ្ងរ។ ការស្កេន MRI បង្ហាញពីការហូរ ឈាមក្នុងខួរក្បាល ដោយសារដាច់សរសៃឈាមខួរក្បាល។ លោកលូឡា ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យស៊ីរីអូ លីបាន (Sirio-Libanes) នៅសៅប៉ូឡូ ដើម្បីធ្វើការវះកាត់ បូមឈាមចេញ ហើយដំណើរការវះកាត់បានជោគជ័យ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា លោកប្រធានាធិបតី លូឡា មានសវត្ថិភាពបន្ទាប់ពីការវះកាត់ លោកដឹងខ្លួន អាចនិយាយទំនាក់ទំនងជាមួយបុគ្គលិកពេទ្យបាន។

គ្រូពេទ្យបាននិយាយថា ការដាច់សរសៃឈាមខួរក្បាលនេះ គឺបណ្តាលមកពីលោកប្រធានាធិបតី រអិលដួលនៅក្នុងបន្ទប់ទឹក នៃគេហដ្ឋានរបស់គាត់ កាលពីខែតុលា ប៉ុន្តែអាការជំងឺទើបតែធ្វើទុក្ខនៅពេលនេះ ។ គ្រូពេទ្យក៏បានបញ្ជាក់ថា លោកលូឡា ដា ស៊ីលវ៉ា មិនមានរបួសខួរក្បាលទេ ហើយមិនមានផលប៉ះពាល់ក្រោយការវះកាត់ទេ។
លោកលូឡា បានរអិលជើងដួលក្នុងបន្ទប់ទឹក នៅភូមិគ្រឹះអាល់វ៉ូរ៉ាដា (Alvorada) កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវចំក្បាលខាងក្រោយ គាត់មានស្នាមរបួសចំនួនប្រាំថ្នេរ ហើយត្រូវលុបចោលការធ្វើដំណើរទៅរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំនៃប្រទេស BRICS។ នៅពេលត្រូវសួរថា តើពេលណាដែលប្រធានាធិបតី នឹងអាចចេញពីមន្ទីរពេទ្យ? ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ប្រសិនបើអ្វីៗដំណើរការល្អ លោកប្រធានាធិបតី នឹងអាចចេញ ពីមន្ទីរពេទ្យ នៅសប្តាហ៍ក្រោយ។

ខណៈពេលដែលលោកប្រធានាធិបតី លូឡា ដា ស៊ីលវ៉ា ស្ថិតនៅក្នុងមន្ទីរពេទ្យ អនុប្រធានាធិបតី ហ្សេរ៉ាលដូ អាល់ក្មីន (Geraldo Alcmin) នឹងបំពេញការងារមួយចំនួនជំនួសប្រធានាធិបតី រួមទាំងស្វាគមន៍ដំណើរទស្ស នកិច្ចរបស់លោក រ៉ូបឺត ហ្វីកូ (Robert Fico) នាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលបានមកដល់ប្រទេសប្រេស៊ីល នៅថ្ងៃអង្គារ ទី១១ ខែធ្នូឆ្នាំ២០២៤ ៕