អ៊ីស្រាអែល ៖ អ៊ីស្រាអែល បានបញ្ជាក់ថា ការវាយប្រហារលើនាវាកងទ័ពជើងទឹកស៊ីរី នៅកំពង់ផែ ឡាតាគីយ៉ា (Latakia) គឺដើម្បីបំផ្លាញសមត្ថភាពកងទ័ពរបស់ស៊ីរី ក្នុងការគំរាមកំហែងអ៊ីស្រាអែល។
តាមប្រភពទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា មានឃ្លីបវីដេអូដែលបង្ហាញ ពីការផ្ទុះជាច្រើន នៅក្នុងទីក្រុងកំពង់ផែ ឡាតាគីយ៉ា របស់ប្រទេសស៊ីរី ជាមួយនឹងផ្នែកដែលបង្ហាញពីនាវាចម្បាំ ង បានខូចខាតយ៉ាងខ្លាំង ខណៈពេលដែលកំពង់ផែត្រូវបានខូចខាតដោយផ្នែក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់ប្រធានាធិបតី បាស្ហារ អាល់-អាសសាដ (Bashar al-Assad) នៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារតាមផ្លូវអាកាស ជាង ៣១០លើក មកលើទឹកដីស៊ីរី រួមទាំងនៅទីក្រុងដាម៉ាសគុស ។ ភាគច្រើននៃគោលដៅនៃការវាយប្រហារ គឺបន្ទាយយោធាស៊ីរី ដូចជាឃ្លាំងអាវុធ ឃ្លាំងរំសេវ អាកាសយានដ្ឋាន មូលដ្ឋានទ័ពជើងទឹក និងមជ្ឈមណ្ឌលស្រាវជ្រាវ ត្រូវបានបំផ្លាញ។
ថ្មីៗនេះ លោកអ៊ីស្រាអែល កាត់ស៍ (Israel Katz) រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែង ការណ៍មួយ បាននិយាយថា ខ្លួនមានបំណងបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់ស៊ីរី ដែលអាចបង្កការគំរាម កំហែងដល់អ៊ីស្រាអែល ដោយបញ្ជាក់ថា ប្រតិបត្តិការកម្ទេចនាវាចម្បាំងស៊ីរី គឺជាជោគជ័យដ៏អស្ចារ្យ ។
ជាមួយគ្នានេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ទាហានរបស់ពួកគេ កំពុងចល័តនៅក្នុងទឹកដីស៊ីរី លើសពីតំបន់គ្មានយោធា Golan Heights ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល និងការវាយ ប្រហារតាមផ្លូវអាកាសរបស់ពួកគេ គឺដើម្បីការពារអាវុធ មិនឱ្យធ្លាក់ទៅក្នុងដៃពួកឧទ្ទាម ដែលនឹងបន្តតំណែងពីលោកបាស្ហារ អាល់-អាសសាដ៕