Thursday, December 12, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ឡានកែ.../ច្នៃខុសបច្ចេកទេស ៩៧គ្រឿង

ឃាត់ឡានកែ…/ច្នៃខុសបច្ចេកទេស ៩៧គ្រឿង

ខេត្តក្រចេះ៖ លោកគង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ត បានឱ្យដឹងថា គិតត្រឹមរយៈពេល៥ថ្ងៃ នៅដើមខែធ្នូ ឆ្នាំ២០២៤ នេះ មានរថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន៩៧គ្រឿង រួចមកហើយ ដែលត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃថ្នាក់ខេត្ត ធ្វើការឃាត់និងបញ្ជាឱ្យកាត់ទ្រុង នៅនឹងកន្លែង។

ការចុះឃាត់រថយន្តទាំងនេះ បានធ្វើឡើងបន្ទាប់ពីលោកវ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើការអំពាវនាវចំពោះម្ចាស់រថយន្តនិងអ្នកបើកបររថយន្តទាំងអស់ មិនឱ្យមានការកែច្នៃ តទ្រុង និងដឹកផ្ទុកទំនិញសំពីងសំពោង ខុសលក្ខណៈបច្ចេកទេស កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកគង់ គឹមនី បានបញ្ជាក់ថា ដោយមានការណែនាំ និងដាក់ទិសដៅបន្ថែមពីលោកវ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រុមការងារចម្រុះ បានដាក់គោលដៅចំនួន២ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

លោកអភិបាលរង បន្តថា គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត ថ្នាក់ខេត្ត និងក្រុមការងារស្រុកស្នួល ខាងកាត់ទ្រុង បានដាក់គោលដៅត្រួតពិនិត្យនៅស្រុកឆ្លូង និងស្រុកស្នួល។ ត្រួតពិនិត្យរថយន្តសរុប បានចំនួន ១១៨គ្រឿង ក្នុងនោះ ឃាត់បានរថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន៩៧ គ្រឿង រួមមាន រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តម្រូវឱ្យកាត់ទ្រុងតចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន១៥គ្រឿង ដោះភ្លើងហ្វាបំភ្លឺ ចំនួន៤គ្រឿង និងរថយន្តឯកសារមិនគ្រប់គ្រាន់ ចំនួន៧៨គ្រឿង។

បន្ថែមពីនេះ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមការងារបានណែនាំដល់អ្នកបើកបរ ឬម្ចាស់រថយន្ត មិនត្រូវតទ្រុងបន្តទៀត មិនត្រូវផ្ទុកទំនិញសំពីងសំពោង មិនត្រូវបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស រថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់។ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕

RELATED ARTICLES