ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងតាខ្មៅ បានសម្តែងនូវភាពរីករាយ ក្រោយពេលទទួលបានព័ត៌មានថា កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់រថយន្ត ១គ្រឿង ដែលតែងតែបង្កសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ អ្នកក្រុងតាខ្មៅ ជាពិសេស នៅពេលកណ្តាលអធ្រាត្រ និងវេលាទៀបភ្លឺ។
ប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថា ជាក់ស្តែងរថយន្តទំនើប ១គ្រឿង តែងតែបង្កសំឡេងរំខានដល់បងប្អូនប្រជា ពលរដ្ឋអ្នកក្រុងតាខ្មៅ ជាពិសេសនៅពេលកណ្តាលរាត្រី និងពេលទៀបភ្លឺ និងស្ទើររាល់យប់ រហូតធ្វើឱ្យពួកគាត់ទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចជំនាញក្រុងតាខ្មៅ បានដាក់កម្លាំងចុះល្បាត រហូតឈានដល់ការបង្ក្រាប ដោយឃាត់បានរថយន្តបង្កខាងលើ នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។
រថយន្តបង្កហេតុ រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។
ជុំវិញប្រតិបត្តិការបង្ក្រាបខាងលើនេះ តំណាងឱ្យប្រជាពលរដ្ឋអ្នកក្រុងតាខ្មៅ បានលើកឡើងថា ពួកគាត់ពិតជាត្រេកអរនិងថ្លែងអំណរគុណជាទីបំផុត ចំពោះលោកគួច ចំរើន អភិបាលខេត្តកណ្តាល ក៏ដូចជាស្នងការខេត្តកណ្តាល អធិការក្រុងតាខ្មៅ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ទាំងអស់ ដែលលោកយកចិត្តទុកដាក់ពីសុខទុក្ខ និងទុក្ខលំបាកប្រជាពលរដ្ឋ ហើយព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព៕