ភ្នំពេញ ៖ យុវជន ១ក្រុម បាននាំគ្នាចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបរាត្រី ១កន្លែង លុះរៀបចេញមកវិញ បានទះកំផ្លៀងគ្នាលេង ស្រាប់តែត្រូវសន្តិសុខក្លឹបឃើញ ស្ទុះចាប់ក្រៀកក អូសចេញមកក្រៅ វាយរយះក្បាល ហូរឈាមស្រោចខ្លួន។

ករណីអំពើហិង្សា សន្តិសុខក្លឹបព្រួតវាយភ្ញៀវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្លឹប DOT2 ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ជិតស្តុបទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពភាគីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកខ្លួនបាននាំគ្នាចូលទៅផឹកស៊ីរាំលេងសប្បាយជាលក្ខណៈគ្រួសារ នៅក្នុងក្លឹប DOT2 ខាងលើ។ ក្រោយពីផឹករួចរាងស្រវឹងស្រឿងៗ ក៏បាននាំគ្នារៀបចំត្រឡប់ទៅផ្ទះវិញ ដោយក្នុងនោះយុវជនរងគ្រោះបានយកដៃទៅទះកំផ្លៀងប្អូនថ្លៃរបស់ខ្លួន ក្នុងគោលបំណងលេងសើចប៉ុណ្ណោះ ស្រាប់តែភ្លាមនោះ សន្តិសុខនៅក្នុងក្លឹប បានរត់ទៅក្រៀកកជនរងគ្រោះ អូសចេញមកខាងក្រៅ រួចបានវាយ។ បន្ទាប់មកក៏មានយុវជនម្នាក់ទៀត ត្រូវជាប្អូន បានមកសួរនាំសន្តិសុខ ម្តេចក៏វាយបងរបស់ខ្លួន? ស្រាប់តែត្រូវសន្តិសុខនៅក្នុងក្លឹប ព្រួតវាយុវជនរូបនោះ បណ្តាលឱ្យបែកក្បាលឈាមហូរពេញខ្លួន និងមានស្នាមឆូតត្រង់ចង្កេះ ចេញឈាម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីសាកសួរ និងត្រូវបានភាគីសន្តិសុខក្លឹប បានធ្វើការសម្របសម្រួល សងសំណងជំងឺចិត្តទៅភាគីជនរង គ្រោះ ដើម្បីបញ្ចប់រឿង៕


