ភ្នំពេញ៖ដោយមិនប្រាប់ពីទំហ៊ុំសាច់ប្រាក់ដែលបាត់បង់សួស វីសា ដែលស្វាមីនាងលោកថមមី ថ្នាក់ថ្នាមទាំងយប់ថ្ងៃអំឡុងពេលនាងពពោះកូនទី២ ជាកូនប្រុសនោះ បានបង្ហាញអារម្មណ៍ក្ដៅចិត្ត ញ័រសាច់ ព្រោះនាងថាចាញ់បោកកូនចៅម្នាក់ដែលនាងចាត់ទុកថាជាចោរ ព្រមទាំងព្រមានជននោះថាមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ។វីសា ថាមូលហេតុដែលនាងត្រូវចាត់ការបុគ្គលិកដែលនាងមិនទាន់បង្ហាញមុខនោះតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ ព្រោះដើម្បីកុំឲ្យបុគ្គលិកផ្សេងៗទៀតធ្វើតាម ហើយនាងមានភស្ដុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកកូនចៅដែលនាងហៅថាជាចោរ នោះទៀតផង។នាងថាដោយខឹងបុគ្គលិកនោះពេកនាងញ័រខ្លួនអស់ហើយ ទាំងកំពុងមានផ្ទៃពោះ ព្រោះជននោះបានបន្លំQR ក្រុមហ៊ុន មិនដាក់អ៊ឺវ៉ាន់ឲ្យភ្ញៀវ បោកភ្ញៀវបំផ្លាញកិត្តិយាសនាងនិងប្ដីទៀតផង។តារាដែលទើបបានធ្វើពិធីជប់លៀងដល់ទៅ៧យប់ ៧ថ្ងៃ ក្រោយដឹងថាខ្លួនមានផ្ទៃពោះជាកូនប្រុសរូបនេះថានាងឈឺចាប់មិនគួរណាល្ងង់ចិញ្ចឹមចោរឲ្យនៅក្បែខ្លួនបែបនេះសោះ ខណៈដែលដំបូងនៅពេលដែលនាងចោទបុគ្គលនោះពីរឿងរ៉ាវខាងលើរូបគេប្រកែកញ៉ាច តែនៅពេលបង្ហាញភស្ដុតាងទើបព្រមសារភាពកំហុស ។ប៉ុន្ដែនាងសង្កត់ថាដាច់ខាតនាងមិនលើកលែងទោសឲ្យនោះទេ ហើយសូមទុកឲ្យច្បាប់ចាត់ការ ។


ប្រភពបានឲ្យដឹងថាសួស វីសា មួម៉ៅក្ដៅចិត្តកាន់តែខ្លាំងនៅពេលដែលនៅរដូវក្ដៅនេះនាងចេញច្រៀងអត់បាន ព្រោះត្រូវថែទាំងសុខភាពផ្ទៃពោះដើម្បីត្រៀមសម្រាលកូនប្រុសនៅខែ៣ឆ្នាំ២០២៥ ពោលគឺចោលលុយសិល្បៈទាំងស្រុងពេញ១ដូវក្ដៅ ហេតុនេះត្រូវពឹងទៅលើអាជីពOnline ប៉ុន្ដែបែជាកូនចៅរបស់នាងក្បត់ហើយប្រមូលលុយពីការលក់អ៊ឺវ៉ាន់នោះជំនួសនាងជាថៅកែទៅវិញ ។


ចំណែកស្វាមីរបស់សួស វីសា លោកថមមី វិញក៍បង្ហាញជំហរមិនអត់អោនឲ្យបុគ្គលិករូបនោះដែរ ហើយលោកសួទៅជនដែលលោកប្រើឈ្មោះជាអក្សរកាត់ថាJKJ នោះថា ថាតើលុយវាសំខាន់ជាងកិត្តិយសរបស់អ្នកនិងក្រុមគ្រួសារឬ?ប្ដីវីសា ចាត់ទុកJKJ ថាជាមនុស្សមុខពីរ ខាំម្ចាស់ខ្លួនឯងដោយទង្វើរថោកទាប បំផ្លាញក្រុមហ៊ុន …។


គួរបញ្ជាក់ថាសួស វីសា និងស្វាមីនាងលោកប៊ុនថុល ប៊ុនថង ចាប់ដៃគ្នាជាង៥ឆ្នាំ គូស្នេហ៍តារា១គូនេះបានបង្កើតមុខរបរក្រៅសិល្បៈជាបន្ដបន្ទាប់មានដូចជាលក់ឡេ ,បើករោងចក្រផលិតទឹកកក និងលក់សម្លៀកបំពាក់ជាដើម ។ជារឿយៗគេច្រើនតែឃើញលោកថមមី តែងខ្លួនជាភេទទី៣ ដើម្បីឲ្យការLive លក់អ៊ឺវ៉ាន់តាមOnline ត្រូវបានគេចាប់អារម្មណ៍ រហូតវីសា ថានាងជានារីមានសំណាងបំផុត ព្រោះមានប្ដីល្អដែលចេះថ្នាក់ថ្នមនិងចាត់ទុកនាងនាងដូចជាព្រះនាង ។ ប្ដីប្រពន្ធតារា១គូនេះក៍ទើបតែបានធ្វើខួបកំណើតឲ្យកូនស្រីថង សាម៉ូលីណា ហៅJenny គម្រប់ខួប៤ឆ្នាំ កាលពីថ្ងៃទី៩ ខែ១០ ហើយពួកគេបានដាក់ឈ្មោះឲ្យកូនប្រុសទី១ថាចននី (Johnny) មុនថ្ងៃដែលកូនកើតទៀតផង។ ប្រភពបានឲ្យដឹងថាវីសា ប្រឹងរកលុយតាមOnline អំឡុងពពោះនេះដើម្បីឲ្យនាងនៅតែមានប្រាក់ចំណូលជាប្រចាំ ព្រោះនាងចង់សម្រេចក្ដីសុបិន្ដធំនោះគឺទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce នាពេលខាងមុខ បើទោះជាបច្ចុប្បន្ននាងមានរថយន្ដជាច្រើនគ្រឿងជិះឆ្លាស់គ្នាមានដូចជាLexus Lx570 ,BMW ,Alphard និងMazda ជាដើមក្ដី ។ប៉ុន្ដែរឿងដែលវីសា ឆេះដុំនៅពេលនេះគឺកំពុងតែប្រឹងសន្សំលុយទិញឡានតម្លៃជិតកន្លះលានដុល្លារមិនទាន់បានផង បែជាត្រូវកូនចៅដែលកាន់គណនេយ្យលួចប្រមូលលុយនោះជំនួសនាងមុនទៅវិញ ៕

