ភ្នំពេញ ៖ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចស្នើសុំលាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដើម្បីរក្សាគោរមងារជាឧកញ៉ារបស់លោក ខណៈដែលសំណើនេះត្រូវបានសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពយល់ព្រម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

ការលាងលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នេះ បានធ្វើឡើងបន្ទាប់ពីលោកបានកាន់តួនាទីនិងឋានន្តរស័ក្តិវរសេនីយ៍ឯក និងជានាយរងការិយាល័យទី៥ នៃកងទ័ពជើងគោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម បានបញ្ជាក់ថា “ត្រូវបានលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារជាឧកញ៉ា ដល់វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរងការិយាល័យទី៥ កងទ័ពជើងគោក”។

ទោះជាយ៉ាងណា ការលាលែងពីក្របខ័ណ្ឌរបស់តារាចម្រៀង ព្រាប សុវត្ថិ នាពេលនេះ គឺជាការត្រឹមត្រូវ ព្រោះច្បាប់បានតម្រូវឱ្យជ្រើសរើសយកមុខងារតែមួយប៉ុណ្ណោះ រវាងក្របខ័ណ្ឌជាមន្ត្រីរាជការ និងងារឧកញ៉ា។

គួរបញ្ជាក់ថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានដាក់ពាក្យបម្រើកងទ័ពនៅក្នុងឆ្នាំ១៩៩១ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាតបត្រ។ ក្នុងឆ្នាំ១៩៩៤ លោកបានដើរច្រៀងតាមភោជនីយដ្ឋានផ្សេងៗជាច្រើន ខណៈបានតែ១ឆ្នាំ លោកក៏បានចូលច្រៀងឱ្យផលិតកម្មរស្មីហង្សមាស ក្នុងឆ្នាំ១៩៩៥ ពេលនោះហើយដែលលោកបានបោះជំហានឈានចូលក្នុងវិស័យសិល្បៈយ៉ាងពេញលេញ ជាលើកដំបូង និងបានចេញបទចម្រៀងជាលើកដំបូង មានចំណងជើងថា “អូនជាបេះដូងបង”។

ក្រោយប្រកបអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និងបានចូលរួមឧបត្ថម្ភថវិកាដល់សង្គមជាតិផងនោះ ទើបតារាចម្រៀង ព្រាប សុវត្ថិ ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅ៕