ភ្នំពេញ ៖ យុវជនជាក្មេងទំនើងម្នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង ប្រភេទកម្លាំងម៉ាស៊ីន សេ១២៥ ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន នៅលើផ្លូវល្បឿនលឿន និងត្រូវបានអ្នកដំណើរប្រទះ ឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះឃាត់ខ្លួនយកមកអប់រំ និងអនុវត្តនីតិវិធីបន្ត។
លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា “ខ្ញុំបាទសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មេត្តា ជ្រាបថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកចូលកំពង់ស្ពឺកើត គីឡូម៉ែត្រ២៦ មានករណីក្មេងទំនើង (មិនមានសាធាតុញៀន) បានបើកម៉ូតូចូលផ្លូវល្បឿនលឿន ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿន បានចេញប្រតិបត្តិការបន្ទាន់ ដោយចាប់ឃាត់ខ្លួន និងហៅអាណា ព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី”។
ជាមួយគ្នា អ្នកនាំពាក្យ បានបញ្ជាក់ថា ចំពោះយានជំនិះម៉ូតូ ដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបាន លុះ ត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំង ចាប់ពី 500CC ឬកម្លាំងម៉ូទ័រ 27KW ឡើងទៅ និងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន។
ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំង ចាប់ពី 500CC ឬកម្លាំងម៉ូទ័រ 27KW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរ ត្រូវភ្ជាប់មកជាមួយឯកសារ ដូចជា ប័ណ្ណសម្គាល់យានជំនិះ និងអត្ត សញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកជនបរទេស ត្រូវភ្ជាប់មកជាមួយប័ណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅ ចេញដោយមេឃុំ-ចៅសង្កាត់៕