ភ្នំពេញ ៖ ក្រោយមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា មានមន្ត្រីជាប់ កិច្ចសន្យាម្នាក់ឈរជើងនៅគោលដៅស្ពានអាកាស៥មករា (តិចណូ) ពួនស្ទាក់ចាប់មធ្យោបាយប្រជាពលរដ្ឋ ដោយអនុវត្តផ្ទុយគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីជាប់កិច្ចសន្យានោះ មកសាកសួរ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ថា លោកប៊ន បៃលិន មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍ទី២ ឈរជើងនៅគោលដៅស្ពានអាកាស៥មករា (តិចណូ) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឆ្លើយបំភ្លឺថា ខ្លួនមិនបានឈរពួនស្ទាក់នោះទេ គឺឈររង់ចាំបញ្ចៀសចរាចរណ៍ សម្រូលក្បួនរថយន្តថ្នាក់ដឹកនាំឆ្លងកាត់ ខណៈដែលមាន ការហៅតាមវិទ្យុទាក់ទង (ID) ឱ្យត្រៀមចេញសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំធ្វើដំណើរជិតដល់គោលដៅរបស់ខ្លួននោះហើយ។

គួរបញ្ជាក់ថា កន្លងមក មានការរិះគន់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានការមិនពេញចិត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលតែងតែអនុវត្តលើសពីតួនាទីរបស់ខ្លួន ដូចជា មានការឃាត់យាន្តយន្តនៅតាមដងផ្លូវ ដើម្បីធ្វើការផាកពិន័យជាដើម។ ម៉្យាងវិញទៀត ដោយសារតែឯកសណ្ឋានហាក់ស្រដៀងទៅនឹងមន្ត្រីនគរបាលចរា ចរណ៍ផ្លូវគោកផង ទើបកន្លងមកនេះ សាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចធ្វើការផ្លាស់ប្តូរឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។

បច្ចុប្បន្នមន្ត្រីនគរបាលជាប់កិច្ចសន្យា ត្រូវបានប្តូរឯកសណ្ឋានអាវពីពណ៌ខៀវផ្ទៃមេឃ មកជាពណ៌លឿងទុំវិញ ដែលមិនច្រឡំជាមួយនឹងមន្ត្រីនគរបាលពេញសិទ្ធិ។ មន្ត្រីជាប់កិច្ចសន្យានេះ ជាជំនួយការ សហការការងារជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ហើយមន្ត្រីជាប់កិច្ចសន្យានេះ មានតួនាទីត្រឹមជួយសម្រួលការងារចរាចរណ៍នៅតាមដងវិថី ដោយមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ៕