សហរដ្ឋអាមេរិក ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញបញ្ជា លើកលែងទោសដល់ទណ្ឌិត ចំនួន ៣៩នាក់ និងបន្ធូរបន្ថយទោស ១៥០០នាក់ មុនពេលលក្ខខណ្ឌរបស់ពួកគេផុតកំណត់នៅខែក្រោយ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៃសហរដ្ឋអាមេរិក បានចេញបញ្ជាលើកលែងទោសដល់ទណ្ឌិតជនជាតិអាមេរិក ចំនួន ៣៩នាក់ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មអហិង្សា ហើយបានបញ្ជាឱ្យបន្ធូរបន្ថយទោសដល់អ្នកទោស ជិត ១៥០០នាក់ទៀត។
លោកចូ បៃដិន បាននិយាយថា អ្នកដែលគាត់បានលើកលែងទោស បង្ហាញពីជោគជ័យក្នុងការកែប្រែ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍របស់ពួកគេកាន់តែរឹងមាំ និងមានសុវត្ថិភាព។ ចំណែកអ្នកដែលទទួលបានការបន្ធូរបន្ថយទោស រាប់រយនាក់ពាក់ព័ន្ធនឹងបទល្មើសអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ (COVID-19) និងមនុស្សជាច្រើនទៀតត្រូវបានឃុំខ្លួនយូរពេក នៅក្រោមច្បាប់ហួសសម័យ។
តាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី មានអំណាចលើកលែងទោសដល់អ្នកទោស លើកលែង តែករណីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើហិង្សា រួមទាំងជនល្មើសគ្រឿងញៀន។
កាលពីដើមខែនេះ លោកចូ បៃដិន (Joe Biden) បានចេញបញ្ជាលើកលែងទោសដល់កូនប្រុសរបស់គាត់ ឈ្មោះហាន់ធឺរ (Hunter) ដែលត្រូវបានរកឃើញថា មានពិរុទ្ធពីបទផ្តល់ភស្តុតាងក្លែងក្លាយ ពាក់ព័ន្ធការត្រួតពិនិត្យប្រវត្តិការទិញកាំភ្លង និងការគេចវេះបង់ពន្ធ ទោះបីជាគាត់បាននិយាយថា គាត់នឹងមិនលើកលែងទោសឱ្យកូនប្រុសរបស់គាត់នេះទេក៏ដោយ។

សូមបញ្ជាក់ថា លោកចូ បៃដិន (Joe Biden) និងរដ្ឋាភិបាលរបស់គាត់ នឹងផុតអាណត្តិ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលលោកដូណាល់ ត្រាំ (Donald Trump) ស្បថចូលកាន់តំណែងប្រធានាធិ បតី ជាលើកទី២។ ការលើកលែងទោសដល់កូនប្រុស រួមទាំងក្រុមអ្នកទោសចុងក្រោយនេះ ត្រូវបានចាត់ទុកថា ជាអ្នកទោសរំលឹក មុនពេលចាកចេញពីមុខតំណែង និងលុបកំណត់ត្រាសម្រាប់ធ្វើជាប្រធានាធិបតីដែលមាន ការលើកលែងទោសតិចតួចបំផុត ក្នុងសម័យទំនើបនេះ៕