ភ្នំពេញ៖តារាសម្ដែងស៊ិនឌី ដែលផ្អាកពីការថតសម្ដែងភាពយន្ដជាច្រើនឆ្នាំមកហើយនោះបានងាកមកផ្ដោតលើមុខបរបើកហាងស៊ិនឌី សំអាងការ របស់លោកដែលបានតំណើររយៈពេល៤ឆ្នាំមកហើយនិងពេលនេះកំពុងតែមានភាពមមាញឹកខ្លាំង ព្រោះទទួលបានការគាំទ្រពីភ្ញៀវទូទៅ ។យ៉ាងណាលោកថាអាជីវកម្មមួយមានទីផ្សារល្អដោយរលូនដោយសារតែលោកមានដៃគូភាគហ៊ុនធំសំខាន់៣នាក់នោះគឺលោកស្រីប្រាក់ បូរ៉ាមី និងស្វាមីលោកចេវ ចាន់ថា ហើយក៍មានម្ចាស់ភាគហ៊ុនសំខាន់ម្នាក់ទៀតនោះគឺលោកបញ្ញា ។លោកថាអ្នកទាំង៣មិនត្រឹមតែមានហ៊ុនក្នុងហាងសំអាងការរបស់លោកនោះទេ ប៉ុន្ដែពួកគេជាអ្នកមានសម្ថភាពជ្រោមជ្រែងនិងដឹកនាំហាងរបស់លោកយ៉ាងល្អផងដែរ តាំងពីបើកតំណើការដំបូងរហូតដល់បច្ចុប្បន្ន ផ្គួបផ្សំនិងបុគ្គលិកជាច្រើនផ្នែកទៀតបញ្ចូលគ្នាទើបនាំឲ្យលោករក្សារលំនឹងអាជីវកម្មមួយនេះបាន ។


លោកស៊ិនឌី ប្រាប់ថាសំអាងការលោកឈរលើគោលការណ៍៣យ៉ាង គឺទី១៖បើកតម្រូវអតិថិជនទូទៅតែម្ដងពោលគឺតាំងពីកម្រិតទាប ដល់កម្រិតខ្ពស់ មិនប្រកាន់អតិថិជនឡើយ។ទី២៖ភាពប្រណិតនៃសម្លៀកបំពាក់ ដោយលោកមានជាងមានស្នាដៃល្អៗផ្ដោតលើគុណភាពនិងតម្លៃនៃឈុតសំអាងនីមួយៗ និងទី៣ ៖ហាងសំអាងការលោកក៍ទទួលបានការណែនាំពីសាស្រ្ដាចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ ទាក់ទងការប្រើឈុតនីមួយៗឲ្យត្រូវទៅតាមប្រភេទកម្មវិធី និងតាមក្បួនខ្នាតប្រពៃណីខ្មែរ ។


ថ្វីត្បិតតែលោកស៊ិនឌី បង្ហើបថាបុគ្គលសំខាន់៣ រូបគឺអ្នកស្រីប្រាក់ បូរ៉ាមី និងលោកចេវ ចាន់ថា និងលោកបញ្ញា សុទ្ធតែមានហ៊ុននៅសំអាងការបស់លោក និងជួយការងារដល់ហាងច្រើនក្ដី ប៉ុន្ដែក្នុងនាមលោកជាម្ចាស់អាជីវ កម្មនេះលោកនៅតែមានភាពរវល់ជាងគេក្នុងការដឹកនាំបុគ្គលិករកស៊ីមុខរបរនេះគ្រប់ផ្នែក ។ លោកស៊ិនឌី ធ្លាប់ប្រាប់ថាមូលហេតុដែលលោកបើកហាងសំអាងការដោយសារតែលោកចង់រក្សារ ក៍ដូចជាអភិរក្សគ្រឿងអលង្ការបុរាណ ប្រើក្នុងពិធីអាពាហ៍ ពិពាហ៍របស់ខ្មែរ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់និងចងចាំ ពីប្រពៃណីដ៍ផូ ផង់របស់ខ្មែរ រួមទាំងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរប្រើក្នុងពិធីមង្គលការដែលលោកពិតជាមានអារម្មណ៍រំភើបណាស់ពេលឃើញកូនក្រមុំគ្រងលើដងខ្លួនទៅពិតជាស្រស់ស្អាតដូចទេពធីតា ។លោកថាការទទួលការទូន្មាន និងយោបល់ល្អៗពីលោកគ្រូ អ្នកគ្រូ នៅសាលាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនោះហើយធ្វើឲ្យសំអាងការលោករឹតតែមានជំនឿរចិត្ត និងប្រើឈុតនីមួយៗឲ្យត្រូវទៅតាមពេលវេលា ។


គេឃើញតារាសម្ដែង២ដួងដែលគ្រងឈុតហាងស៊ិនឌី សំអាងការ មានរូបសម្រស់ត្រដែតស្អាតដូចទេវតានោះគឺអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន និងកញ្ញាសុខគា គីមលាង ហៅKon Ant ទើបធ្វើកូនក្រមុំជាច្រើនដែលបានជ្រើសរើសសំអាងការលោកទាំងភាពជឿជាក់ដូចគ្នាទៅតារាទាំងពីរដែរ ។ប៉ុន្ដែទាក់ទងថាពេលណាទើបលោកស៊ិនឌី វិលមករកអាជីពសម្ដែងវិញនោះលោកថាមិនទាន់អាចកំណត់បានទេ ព្រោះលោកមមាញឹកខ្លាំងនិងផ្ដោតលើការពង្រឹងស៊ិនឌី សំអាងការលោកឲ្យកាន់តែល្អថែមទៀត ។តែលោកថាអាជីពសិល្បៈជាផ្នែកមួយដែលលោកស្រលាញ់ដក់ជាប់ក្នុងចិត្ត និងមើលឃើញថាបច្ចុប្បន្នមានតារាថ្មីៗរះមកស្អាតៗ ហើយមានសម្ថភាពល្អៗច្រើន។


ប្រភពបានឲ្យដឹងថាលោកស្រីប្រាក់ បូរ៉ាមី និងស្វាមីលោកចេវ ចាន់ថា រួមទាំងលោកបញ្ញា ក្រៅពីមានភាគ ហ៊ុននៅស៊ិនឌី សំអាងការនោះលោកទាំង៣ក៍ស្រលាញ់ អាជីវកម្មមួយនេះខ្លាំងណាស់ដែរ ដូចលោកស៊ិនឌី ទើបធ្វើហាងចេះតែរីកចម្រើនទៅមុខ។ក្នុងនាមជាម្ចាស់ស៊ិនឌី សំអាងការ លោកស៊ិនឌី ប្ដេជ្ញានៅតែបន្ដចាប់ដៃដៃគូភាគហ៊ុនខាងលើតទៅទៀតដើម្បីបម្រើអតិថិជនខ្លួនគ្រប់ស្រទាប់វណ្ណៈ ៕


