ភ្នំពេញ៖បវរកញ្ញាដេត ស្រីនាថ Miss Planet Cambodia បានចេញមុខធ្វើសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៤ ធ្នូ ថារូបនាងមិនដែលបានស្នើសុំទៅលោកស្រីហាលី ម្ចាស់កម្មវិធីMiss Planet International ថានាងចង់បានTop ណាមួយ ឬចង់យកលុយទៅសូកប៉ាន់ជាថ្នូរបានម្កុដ ដូចការលេចឭនោះទេ គឺនាងធ្វើដោយសម្ថ ភាពតាំងពីដើមរហូតដល់ចប់ នាងជឿជាក់លើខ្លួនឯងប៉ុន្ដែមូលហេតុដែលនាងដកខ្លួនចេញពីអ្នកតំណាងកម្ពុ ជាទៅប្រកួតនោះដោយសាតែនាងមិនពេញចិត្តម្ចាស់កម្មវិធីនោះមើលងាយរូបនាងជាអ្នកតំណាងខ្មែរខ្លាំងពេក។នាងថាការប្រកួតមិនទាន់មកដល់ផង ម៉េចបានគាត់(លោកស្រីហាលី)ថានាងអត់សម្ថភាព គ្មានភាពជឿរជាក់ អត់ស្អាត ហើយខ្មែរអន់… បើដូចគាត់ថាមែន នាងម៉េចបានម្កុដរហូតដល់ទៅ២? ។ស្រីនាថ ថាប្រសិនបើនាងនៅបន្ដការប្រកួតកម្មវិធីនោះនាងនៅតែមានភាពជឿជាក់លើខ្លួន ឲ្យតែកម្មវិធីនោះមានភាពយុត្តិធ័ម សុក្រិត តម្លាភាពក្នុងកម្មវិធី ទោះជានាងទទួលបានចំណាត់ថ្នាក់មួយណា ក៍នាងសប្បាយចិត្ត និងទទួលយកដែរ ។ប៉ុន្ដែនាងថាកម្មវិធីនោះអត់មានចំណុចដែលនាងរៀបរាប់ខាងលើនោះទេ ។នាងបន្ថែមថាបវរកញ្ញា មិនមែនតែស្អាត និងឆ្លាត គ្រប់គ្រាន់នោះទេ ប៉ុន្ដែទាមទារឲ្យយើងមានទំនាក់ទំនងល្អ ហើយនាងសូមធានាថានាងពិតជាបានបំពេញតួនាទីទាំងអស់ក្នុងកម្មវិធីក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជាអស់ហើយ តែគាត់អត់មានដំណោះស្រាយទេ ។
ការចេញមុខបំភ្លឺរបស់ស្រីស្រស់ដេត ស្រីនាថ នាពេលនេះកើតមានក្រោយពីមានការលេចឭថាលោកស្រីហាលី ម្ចាស់កម្មវិធីMiss Planet International មិនចូលចិត្តស្រីនាថ អត់ចេះអែបអបគាត់ដូចគេ ខណៈប្រភពខ្លះកម្មវិធីស្រីនាថ ចង់បានTopល្អ តែគ្មានSponsor អត់លុយសូកគេទើបបានដកខ្លួនចេញ ។យ៉ាងណាស្រីនាថ អះអាងយ៉ាងមុតមាំថានាងពិតជាអត់ចេះអែបអបមែន ហើយចូលចិត្តនិយាយត្រង់ទៅត្រង់មក និងធ្វើការដោយជឿរជាក់លើសម្ថភាពផ្ទាល់ខ្លួន ។នាងថាអ្វីដែលនាងមិនអាចទ្រាំបានរហូតចេញមុខមកឆ្លើយតបសំណួរអ្នកកាសែតនាពេលនេះដោយសារតែនាងរងការវាយប្រហាររបស់លោកស្រីហាលី មកលើនាងនៅចំពោះមុខអ្នកសារព័តមាននាពេលកន្លងមក តែនាងចេញមកម្ដងនេះគឺជាលើកចុងក្រោយហើយគឺនាងចង់ចប់ត្រឹមនេះមិនចង់តភាគឡើយ ។
គួររំលឹកថាក្រោយដេត ស្រីនាថ ដកខ្លួនចេញក្នុងនាមនាងជាតំណាងបវរកញ្ញាកម្ពុជា ប្រកួតចុងក្រោយ Miss Planet International នោះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោកស្រីហាលី ម្ចាស់កម្មវិធីបានធ្វើសន្និសីទកាសែតដោយនិយាយថាកញ្ញាដេត ស្រីនាថ ជាបវរកញ្ញាអសម្ថភាព រូបសម្រស់ក៍ចាញ់ប្រទេសគេ ហើយគ្មានភាពជឿជាក់ ក្នុងការប្រកួតប្រជែង។លោកស្រីថែមទាំងថាស្រីនាថ ដកខ្លួនពីការប្រកួត ព្រោះដឹងខ្លួនមិនអាចដណ្ដើមម្កុដ ឬតំណែងណាមួយបានទើបលាឈប់តែម្ដងទៅ ហើយលោកស្រីក៍មិនឲ្យស្រីនាថ វិលត្រឡប់មកកាន់តំណែងបវរកញ្ញា Miss Planet International ម្ដងទៀតជាដាច់ខាត។ប៉ុន្ដែស្រីនាថ ថាម្ចាស់កម្មវិធីនេះមិនឲ្យតម្លៃនាងជាបេក្ខភាពបវរកញ្ញា តំណាងខ្មែរ មើលងាយនាង ទើបនាងដកខ្លួនចេញ ព្រោះនាងចង់បានការប្រកួតប្រជែងមួយមានភាពសុក្រិត យុត្តិធ័ម និងសតម្លាភាព ហើយបើមានចំណុចទាំងនេះទោះជាបានចំណាត់ថ្នាក់ណាមួយក៍នាងពេញចិត្តទទួលយកដែរ ។តែនាងចង់សួរថាក្នុងនាមគាត់ជាម្ចាស់កម្មវិធីនិយាយថានាងអត់សម្ថ ភាព ខ្មែរអត់ស្អាត អស់បានមួយចំណិតគេ អីចឹងត្រង់ណាទៅដែលគាត់ថាខ្មែរធ្វើកម្មវិធី ថាដើម្បីលើកស្ទួយខ្មែរ ?ស្រីនាថ សង្កត់ថាដោយមើលឃើញថាកម្មវិធីគ្មានតម្លាភាព ទើបនាងលាឈប់ មិនមែនឈឺនៅពេលសុំឈប់ទេ ប៉ុន្ដែពេលទៅធ្វើការងារនៅសៀមរាបនាងឈឺចូលពេទ្យមែន និងមានសាក្សីទៀតផង។
ឆ្លើយតបសំណួរអ្នកសារព័តមានថាតើស្រីនាថ បកស្រាយយ៉ាងណាពេលមានគេនិយាយថានាងជាបវរកញ្ញាវ៉ៃឬកពា រើសតាំងពីអ្នកផាត់មុខ មិនចង់និយាយរកអ្នកណាដែលសួរនាំនោះនាងថានោះគឺជាការចោទប្រកាន់លើនាងទេ តែតាមការពិតនាងនាងមានជាងផាត់មុខផ្ទាល់ខ្លួនតែម្នាក់គត់ ។ចំណែកការថតរូបវិញដោយសារតែពេលនោះមនុស្សច្រើនពេក អីចឹងមិនអាចថតម្នាក់ម្ដងៗ ទើបនាងស្នើសុំឲ្យថតជុំគ្នា ព្រោះដល់កម្មវិធីថ្មីទៀតដែលត្រូវធ្វើ។នាងថាសូមច្រានចោលទាំងអស់ចំពោះការចោទប្រកាន់របស់លោកស្រីហាលី ដែលវាយប្រហាលើនាងយ៉ាងធ្ងន់ធ្ងរនោះ ៕