Monday, December 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្តៅម្ហូប ផ្ទុះ.../កំប៉ុងហ្គាស់ ឆេះ---/ផ្ទះ

កម្តៅម្ហូប ផ្ទុះ…/កំប៉ុងហ្គាស់ ឆេះ—/ផ្ទះ

ភ្នំពេញ ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាសន្ធោសន្ធៅ បង្កឱ្យខូចខាតស្ទើរទាំងស្រុង ខណៈដែលម្ចាស់ ផ្ទះ កម្តៅម្ហូប ទុកចោល បណ្តាលឱ្យផ្ទុះកំប៉ុងហ្គាស់ ឆេះរាលដាលដល់ផ្ទះ និងត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២០៨ ផ្ទះលេខ២០ ក្រុម០៥ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបាន់សូរសំឡេងផ្ទុះចេញពីផ្ទះកើត ហេតុ បន្ទាប់មកស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋ ប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិ យាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន  បញ្ជាក់ថា ប្រភេទសំណង់រងគ្រោះ គឺថ្មបេតុងប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ឆេះខូចខាតសម្ភារៈ ទូទឹកកក គ្រែ ពូក រួមនិងសម្ភារៈមួយចំនួន តែពុំបានឆេះរាលដាលដល់អ្នក ក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រថ្ងៃដដែល។

ហេតុការណ៍អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឱ្យមកពីការផ្ទុះកំប៉ុងហ្គាស់ បង្កជាអគ្គិភ័យ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES