ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកដើររកចាប់សត្វកណ្តុរ ១ក្រុម បាននាំគ្នាដុតជញ្ជ្រាំង ដើម្បីចាប់សត្វកណ្តុរ ស្រាប់តែធ្វើឱ្យរាលឆាបឆេះស្រូវ អស់ជិត៥ហិកតារ បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ១កន្លែង ស្ថិតក្នុង ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត បានបញ្ជាក់ប្រាប់ថា នៅពេលអគ្គិភ័យឆាបឆេះស្រូវនាងខុនទុំ នៅវាល ផ្លូវទៅស្រុកម៉ាឡៃ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត បានរាយការណ៍ជូនអធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង និងត្រាក់ទ័រប្រជាកសិករ ចំនួន២គ្រឿង រួមជាមួយប្រជាកសិករជាច្រើននាក់ បាននាំគ្នាជួយពន្លត់ភ្លើង ដោយប្រើរយៈពេលជិត ១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ប្រភពដដែល បន្តថា នៅពេលចុះជួយអន្តរាគមន៍ គឺត្រាក់ទ័រ ២គ្រឿង បានភ្ជួរកាត់មុខភ្លើង មិនឱ្យរាលបន្ត ហើយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ១គ្រឿង បានចូលបាញ់ទឹកពន្លត់ រួមជាមួយកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានកាច់មេឃឈើ វ៉ៃពន្លត់ភ្លើង មិនឱ្យរាលដាលឆេះបន្ត។

ប្រភពខាងលើ បញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីមានអ្នកដុតជញ្ជ្រាំង ដើម្បីចាប់សត្វកណ្តុរ ហើយភ្លាមៗនោះ ជនបង្កហេតុដែលមាន២ទៅ៣នាក់ បានគេចខ្លួនបាត់ ក្រាយពីឃើញភ្លើងឆេះរាលខ្លាំង។

ជុំវិញករណីខាងលើនេះ បានបង្កឱ្យខូចខាតស្រូវប្រភេទនាងខុនទុំ មិនទាន់ប្រមូលផល ប្រមាណជិត ៥ហិកតារ ហើយក្នុងនោះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងប្រើទឹកបាញ់ពន្លត់អស់ទឹក ១ឡាន និងត្រាក់ទ័រ ២គ្រឿង របស់ប្រជាកសិករក្នុងភូមិ ជួយអន្តរាគមន៍រួមជាមួយកម្លាំងនគរបាល និងប្រជាពលរដ្ឋក្នុងភូមិ ទប់ស្កាត់បានទាន់ពេលវេលា៕




