ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជនជាតិថៃ ម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១៧០គ្រាប់។
ប្រតិបត្តិការបង្ក្រាបករណីលក់និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៦និង៤០នាទី ព្រលប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចអគារស្នាក់នៅ ១កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះខាំភី ចាំលាង ហៅឃីង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (មានសារធាតុញៀន)។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីលក់និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចអគារស្នាក់នៅ ១កន្លែង ស្ថិតក្នុងភូមិបាលិ លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះខាំភី ចាំលាង ហៅឃីង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញមានវត្ថុតាងគ្រឿងញៀន ប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់កិប ស្មើនឹង១៧០គ្រាប់ ទម្ងន់២៥,០៣ក្រាម ទូរស័ព្ទ ចំនួន៥គ្រឿង រួចនាំខ្លួនជនសង្ស័យទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមាន វត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕