ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទំនើប ១គ្រឿង បិទឡូហ្គោប៉ូលិស និងពាក់ស្លាកលេខនគបាល បានបើកគេចម៉ូតូ ១គ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់អស់ជាច្រើនកង់ ចំណែករថយន្ត ដាច់កង់១គ្រាប់ និងខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខក្រុមហ៊ុនប៊ូយ៉ុងថោន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក ឡង់គ្រឺសឺរ មានបិទឡូហ្គោ ប៉ូលិស និងពាក់ស្លាកលេខ នគរបាល 2-6959 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានគេចចង្កូតពីម៉ូតូ ១គ្រឿង ធ្វើឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់អស់ ៤កង់ ចំណែករថយន្ត បានដាច់កង់ខាងមុខ ១គ្រាប់ និងខូចខាតធ្ងន់។ នៅក្នុងហេតុការណ៍ខាងលើនេះ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះ ថ្នាក់នោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់ វែង រួចអូសយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

