ភ្នំពេញ៖ក្នុងអាជីពចម្រៀងជាង១០ឆ្នាំលោកប៉ុន សុណារិន ហៅខេម ច្រៀងតែបទគេនិពន្ធឲ្យស្រាប់ៗទេ មិនចេះសរសេរបទចម្រៀង ធ្វើភ្លេង និងMIX ដូចតារាមួយចំនួនទៀតឡើយ ទើបអ្នកខ្លះថាលោកពឹងតែដង្ហើមគេដក ព្រោះបើចង់ច្រៀងបទដែលខ្លួនឯងស្រលាញ់តឹងចិត្តប្រសិនបើអ្នកនិពន្ធមិនទំនេរ។ដោយសារតឹងទ្រូងបែបនេះហើយទើបលោកខេម បានចាប់ផ្ដើមអាជីពថ្មីមុនឆ្លងឆ្នាំសាកលនោះគឺចេញនិពន្ធMelody ដោយខ្លួនឯង តែបទខេម បើកឆាកនេះមិនមែនសម្រាប់លោកច្រៀងទេ ប៉ុន្ដែលោកបែសរសេរឲ្យលោកRada តារាចំណូលថ្មីរបស់Galaxy ទៅវិញ ។លោកសុណារិន ថាការបង្ហាញទឹកដៃសរសេរបទចម្រៀងនាពេលនេះគឺជាតំណាក់កាលរៀនសរសេរបទចម្រៀងប៉ុណ្ណោះ មិនមែនទាន់អាជីពឡើយ ។


នេះជាជំហ៊ានថ្មីមួយទៀតរបស់លោកខេម ដែលវិវត្តន៍ខ្លួនពីតារាចម្រៀងធម្មតាម្នាក់ទៅជាអ្នកនិពន្ធខ្លួនឯង ហើយគេជឿថាបន្ទាប់ពីសរសេរឲ្យគេច្រៀងហើយលោកសុណារិន នឹងដល់វេន និពន្ធរួចច្រៀងខ្លួនឯងតែម្ដងជាមិនខាន ។តែខេម មិនប្រាប់ទេថាតើលោកចេះនិពន្ធចម្រៀងដោយខ្លួនឯង ឬមានគ្រួជួយបង្ហាត់នោះទេ ខណៈដែលនៅថោន លោកធ្លាប់ច្រៀងបទនិពន្ធដោយលោកយឹម តាស្រង់ ,ងួន សុបិន និងAek ជាដើម ខណៈដែលនៅGalaxy ច្រៀងបទសរសេរដោយលោកសេង ពុទ្ធិស័ក្ដ ,លោកអេង វុត្ថា និងVin Trapz … ។ការងាកមកនិពន្ធចម្រៀងខ្លួនឯង ពេលនេះរបស់លោកខេម ត្រូវបានគេមើលឃើញថាចំពេលដែលអាជីពចម្រៀងរបស់លោកហាក់នៅទ្រឹង នៅឆ្នាំ២០២៤ ពោលខុសពីមុនពេលដែលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅដល់ខេម គឺជាតួឯករបស់Galaxy តែពេលនេះមិនដូចមុនឡើយ រហូតដល់មានអ្នកលើកឡើងថាលោកខេម អាចឈរនៅចំណាត់ថ្នាក់លេខ៣ ទៀតផង ព្រោះតែមិនអាចវ៉ាលោកសុវត្ថិ និងប៊ុនថៃ បានទេ ។យ៉ាងណាអាជីពចម្រៀងរបស់លោកសុណារិន អាចនឹងមានការប្រែប្រួលជាថ្មី នៅពេលដែលលោកក្លាយទៅជាអ្នកនិពន្ធMelody ដោយខ្លួនឯងដូចពេលនេះ ព្រោះបទចម្រៀងចង់ចេញនៅពេលណាក៍បាន ហើយអាចច្រៀងបទអ្វីដែលខ្លួនស្រលាញ់ ។


គួរបញ្ជាក់ថាក្រៅពីខេម តារាដែលអាចនិពន្ធបទចម្រៀងដោយខ្លួនឯងមានដូចជាអ្នកនាងម៉េង កែវពេជ្ជតា ,ពេជ្រ សោភា ,លោកមិញ សុធីវណ្ណ,ណាំ ប៊ុណ្ណារ័ត្ន,ណុប បាយ៉ារិទ្ធ ,ហេង ពិទូ ,អ៊ីណូ ,ទេព ពិសិដ្ឋ ,ដួង វីរៈសិទ្ធ ,ម៉ម ពេជ្ជរិទ្ធ និងជុំ លីណូ ជាដើម ។សម្រាប់លោកសុណារិន ដែលច្រៀងស្អកនេះដែរ លោកត្រូវបានថៅកែGalaxy រាប់អានដូចជាបងប្អូន ហេតុនេះទោះជាសរសេរបទអ្វីក៍ផលិតកម្មនេះចេញឲ្យដែរ តែគេចាំមើលថាលោកខេម ពេលនិពន្ធខ្លួនឯង ច្រៀងខ្លួនឯង ចឹងទៅរួចឬអត់ ខណៈដែលពេលនេះតារាចម្រៀងប្រុសផលិតកម្មមួយនេះដែលអុកឡុកទីផ្សារចម្រៀងជាងគេគឺមានតែព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប៉ុណ្ណោះ។


មជ្ឈដ្ឋានមហាជនកត់សម្គាល់ថាខេម មិនត្រឹមតែស្ងាត់ លែងសូវមានបទផ្ទុះដូចមុននោះទេ ប៉ុន្ដែរឿងលោកចង់រៀបការជាមួយភរិយាអ្នកនាងស្រីកា អាណិកជនខ្មែរមកពីបារាំង ដែលចាប់ដៃគ្នាជាង១០ឆ្នាំ និងតែងថានឹងរៀបការឆាប់ៗនោះ ឥឡូវកាន់តែគ្មានស្រមោលតែម្ដង បើទោះជាលោកសុណារិន តែងតែងនិយាយដដែលៗថារៀបការឆាប់ៗ ហើយហៅអ្នកកាសែតទាំងអស់ឲ្យចូលរួមក្ដី ។បើលោកសុណារិន នៅតែពន្យាពេលរៀបការបែបនេះទៀត គេជឿថាតារាកាន់គ្រីស្ទានតាំងពីតូចរូបនេះអាចដើរតាមលោកសិរីមន្ដ យកកូនមុន ទើបគិតគួររឿងរៀបការតាមក្រោយជាមិនខាន ។ប៉ុន្ដែអ្នកខ្លះជឿថាមូលហេតុលោកសុណារិន នៅស្ទាក់ស្ទើរឿងរៀបការជាសារធារណៈ ព្រោះតែលោកខ្លាចការហើយកេរ្ដិ៍ឈ្មោះលែងឡើង ឬប្រឈមធ្លាក់ចុះនោះតែម្ដង បើទោះជាអ្នកនាងកា តែងតែរំអុកប្ដីរឿងសំខាន់នេះជាច្រើនឆ្នាំហើយក៍ដោយ ៕
