ភ្នំពេញ៖តារាសម្ដែងណាវ៉ាត់ត្រា បានកោសក់សាងផ្នួសជាសាមណេរ(នេន)រយៈពេល៣ថ្ងៃ (១៨-២០ធ្នូ)នៅវត្តជោតិកៈ ហៅវត្តជោដឹក ខេត្តបាត់ដំបង ដើម្បីតបស្នងសងគុណម្ដាយរបស់ ខ្លួនឧបាសិកា ញេប ឡេង ដែលទទួលមរណភាពកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១០កន្លះយប់ ក្នុងអាយុ៦៦ឆ្នាំ ដោយជំងឺរបេង,សួត ទឹកនោមផ្អែម… ជាច្រើនឆ្នាំមកហើយ និងទើបធ្វើទុក្ខខ្លាំងនារយៈពេលចុងក្រោយរហូតមិនអាចសង្រ្គោះបាន បើទោះជាក្រុមគ្រួសារបាននាំឧបាសិកាទៅព្យាបាលនៅពេទ្យរដ្ឋផង ឯកជនផងក្ដី ។


សាមណេរណាវ៉ាត់ត្រា បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ធ្នូ ថាដោយសារតែលោកជាប់ធ្វើការនៅភ្នំពេញ ហេតុនេះមិនបានទៅទាន់ដង្ហើមម្ដាយចុងក្រោយទេ ប៉ុន្ដែមុនម្ដាយទទួលមរណភាពលោកបានចុះឡើងៗទៅមើលថែម្ដាយដែរ។លោកនិយាយទាំងតូចចិត្តថាគម្រោងនាំម្ដាយដែលមានវ័យចំណាស់ទៅដើរកម្សាន្ដនៅប្រទេសជិតខាង ក្រោយគាត់ជាពីជំងឺ ត្រូវបរាជ័យ ព្រោះម្ដាយចាកចេញដោយគ្មានថ្ងៃត្រឡប់ ទើបលោកស្រណោះអាលោះអាល័យម្ដាយកម្សត់ខ្លាំងណាស់ មានតែការបួសនេន៣ថ្ងៃ ដើម្បីសងគុណម្ដាយ។សាមណេរណាវ៉ាត់ត្រា បន្ថែមថាលោកកំព្រាឪពុក៣៥ឆ្នាំមកហើយ គឺមានតែម្ដាយនិងហើយដើរតួជាឪផងម៉ែផង ប៉ុន្ដែចាប់ពីពេលនេះតទៅលោកត្រូវកំព្រាទាំងឪពុកនិងម្ដាយជារៀងរហូត។


លោកណាវ៉ាត់ត្រា បានបូជាសព្វម្ដាយលោកនៅថ្ងៃទី១៨ ខែ១២ នៅផ្ទះរបស់លោកភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នឹងត្រូវធ្វើបុណ្យខួបគម្រប់៧ថ្ងៃនៅថ្ងៃទី២១ ខែ១២ ប៉ុន្ដែលោកនឹងលាចាកសិក្ខាបទនៅថ្ងៃទី២០ ធ្នូ វិញហើយធ្វើបុណ្យជូនម្ដាយ៧ថ្ងៃរួចរាល់នឹងវិលត្រឡប់មកភ្នំពេញវិញដើម្បីបន្ដការងារ។ប៉ុន្ដែទាក់ទងការវិលត្រឡប់ទៅថតសម្ដែងវិញនោះលោកថានៅពេលដែលអារម្មណ៍លោកបានធូស្រាល ទើបបន្ដការងារសិល្បៈជាធម្មតាដូចមុន ។


តារាសម្ដែងចាន់ស៊ី ស៊ីណាវ៉ាត់ត្រា តាំងចិត្តថាអត់ពីម្ដាយទៅលោកមានតែប្រឹងប្រែងធ្វើការ សន្សំលុយ ដើម្បីដោះបំណុលបន្ដិចម្ដងៗដែលខ្លួនរកស៊ីខាត រហូតអស់ ព្រោះពេលនេះនៅសល់តែ៥នាក់បងប្អូន(ស្រី២) ហើយលោកនៅតែបន្ដអាជីពសិល្បៈដែលបានតស៊ូរយៈពេលជាង១០ឆ្នាំមកហើយ និងការងារសព្វថ្ងៃជាមេការខារ៉ាអូនៅGoal Palace KTV ដូចមុនដដែល ។លោកថាដោយសារតែជីវិតពេលនេះអត់ឪពុកម្ដាយលោកក៍មានគម្រោងផលិតបទចម្រៀង ច្រៀងផ្ទាល់ខ្លួនដែលទាក់ទងពីគុណឪពុកម្ដាយ ដែលជាសាច់រឿងពិតរបស់លោក និងដើម្បីឲ្យប្អូនៗកំភ្លេចព្រះរស់ ព្រោះនៅពេលដែលអ្នកមានគុណចាកចេញទៅយើងមិនបានតបស្នងគុណដល់គាត់ និងមានវប្បដិសារី ។តែលោកណាវ៉ាត់ត្រា ថាទាក់ទងការផលិតបទចម្រៀងនេះលោកមិនទាន់មានអ្នកនិពន្ធ និងរៀបចំថតជាAudio នៅឡើយ ព្រោះរងចាំដល់ធ្វើបុណ្យ៧ថ្ងៃម្ដាយរួចរាល់ទើបរៀបចំចម្រៀងនេះបាន។


ក្រៅពីលោកណាវ៉ាត់ត្រា តារាដែលជួបទុក្ខធំ ម្ដាយទើបលាចាកលោកកាលពីពេលថ្មីៗនេះក៍មានលោកឆាយ វីរៈយុទ្ធ ដែរ ខណៈដែលអ្នកនាងសឿ សុធារ៉ា ក៍កំព្រាទាំងឪពុកម្ដាយដូចលោកណាវ៉ាត់ត្រា ដែរ ៕


