Thursday, December 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនផ្តា.../ច់ថ្នាំញៀន ដុ---/តផ្ទះឪ

កូនផ្តា…/ច់ថ្នាំញៀន ដុ—/តផ្ទះឪ

ភ្នំពេញ ៖ បុរសម្នាក់ ហេតុតែប្រើប្រាស់សារធាតុញៀនលើសកម្រិត រហូតដល់បែកថ្នាំ ចេះតែបង្ករឿងអុកឡុកគ្រួសារខ្លាំងពេក ទើបឪពុកម្តាយសម្រេចនាំយកទៅដាក់មណ្ឌលអប់រំបន្សាបគ្រឿងញៀន ដើម្បីឱ្យកែប្រែខ្លួន លុះទើបនឹងចេញពីមណ្ឌលផ្តាច់ថ្នាំញៀន បាន១០ថ្ងៃ ស្រាប់តែធ្វើសកម្មភាពដុតផ្ទះឪពុករបស់ខ្លួន បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាន់ពេល។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះឪនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ E18 ផ្លូវផ្ការំយោល ស្ថិតក្នុងបុរីរំចេក ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌ ដង្កោ។

តាមប្រភពប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឮសូរសំឡេងស្រែកឡូឡា ទើបបានរត់ចេញពីក្នុងផ្ទះ មកមើល ស្រាប់តែឃើញមានផ្សែងហុយចេញពីផ្ទះខាងលើ មកក្រៅ លាយជាមួយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីខាង ក្នុងផ្ទះជាន់ទី១ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ភ្លាមៗ ដោយមិនរាលដល់ផ្ទះប្រជាពលរដ្ឋក្បែងខាងនោះទេ។

តាមសម្តីបុរសជាម្ចាស់ផ្ទះ និងត្រូវជាឪពុករបស់ជនសង្ស័យដែលដុតផ្ទះខ្លួនឯងខាងលើ បានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ ទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀន បានជិត១០ថ្ងៃប៉ុណ្ណោះ ហើយគាត់បានយកមករស់នៅផ្ទះកើតហេតុ ស្រាប់តែមកដល់វេលាម៉ោងកើត ហេតុ សង្ស័យបានធ្វើសកម្មភាពដុតពូកនិងសម្ភារៈក្នុងបន្ទប់ជាន់ទី១ បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យផ្អើលឆោឡោដល់អ្នកជិតខាង និងសមត្ថ កិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ និងបាញ់ទឹកពន្លត់បានទាន់ពេល។

ក្រោយកើតហេតុ ជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះខ្លួនឯងខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នរគបាលព្រៃស។

 ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះបន្ទប់ជាន់ឡៅតឿ ចំនួន១បន្ទប់ ពូក០២ រួមទាំងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឱ្យមកពីកូនប្រុសរបស់ម្ចាស់ផ្ទះ ជាអ្នកដុត។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES