Wednesday, December 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួនអ្នកកាសែត២នាក់ គំ---/រាមទារ២០០ដុល្លារ បិទព័ត៌មាន

ឃា…/ត់ខ្លួនអ្នកកាសែត២នាក់ គំ—/រាមទារ២០០ដុល្លារ បិទព័ត៌មាន

ខេត្តកណ្តាល ៖ បុរសជាអ្នកសារព័ត៌មានអនឡាញ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីកំហែងយក និងការក្លែងបន្លំប្រើប្រាស់លិខិតក្លែង ដោយក្នុងនោះអ្នកសារព័ត៌មានទាំង២រូប ត្រូវបានចោទប្រកាន់ថា បានគំរាមទារប្រាក់ចំនួន ២០០ដុល្លារ ជាថ្នូរនឹងការមិនផ្សព្វផ្សាយព័តមាន។ករណីកំហែងយកប្រាក់និងការក្លែងបន្លំប្រើប្រាស់លិខិតក្លែងនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។ លុះមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសូរ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខ របរអ្នកសារព័ត៌មាន តួនាទីជាចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews មានលំនៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២-ឈ្មោះនឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារ ព័ត៌មាន តួនាទីជានិពន្ធនាយក កាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews មានលំនៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណីកំហែងយកប្រាក់ និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះសូរ សំបូរ ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews ២-ឈ្មោះនឿប ប៊ុន និពន្ធនាយកកាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ទូរស័ព្ទ ចំនួន៣គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ ១គ្រឿង ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ ១គ្រឿង  និងម៉ាក Samsung ពណ៌ខ្មៅ ១គ្រឿង)។ ២-ប័ណ្ណអ្នកសារព័ត៌មាន ចំនួន២សន្លឹក។

ប្រភពដដែលបន្តថា តាមចម្លើយសារភាពរបស់ឈ្មោះនឿប ប៊ុន បានឱ្យដឹងថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ី ធីវីញូស៍ (SSBTVNews) និងមានប័ណ្ណសារព័ត៌មាន អត្តលេខ 00956 ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ឆ្នាំ២០២៤ ចំណែកឯគេហទំព័ររស្មីខេត្តកណ្តាលធីវីញូស៍ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯងជាចាងហ្វាង សម្រាប់ចែកឱ្យអ្នកសារព័ត៌មានផ្សេង ទៀតនោះ គឺមិនមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាននោះទេ។

ចំណែកឈ្មោះសូរ សំបូរ បានឆ្លើយសារភាពថា ខ្លួនមានតួនាទីជាចាងហ្វាងគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះនឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក។ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ចមែន និងបានប្រើសារតាមតេឡេក្រាមជាអក្សរ និងសំឡេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០ដុល្លារ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនឹងការមិនចុះផ្សាយ និងលុបព័ត៌មាន ដែលបានបង្ហោះកាលពីថ្ងៃទី១៣ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES