ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពគាស់តូបចាប់ហួយ មួយកន្លែង រួចចូលទៅលួចបានស្រាបៀរ ចំនួន១៦កេស និងមី ១២កំប៉ុង រួចនាំគ្នារត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព លុះព្រឹកឡើងជនរង គ្រោះដឹងថាមានចោរចូលលួច ឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញពីសកម្មភាពរបស់ក្រុមជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។ លុះមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឃន គន្ធា អាយុ១៥ឆ្នាំ មានលំនៅ ភូមិទាត់បោះ ឃុំធ្លករៀន ស្រុកសាមគ្គីមានជ័យ (ជាអ្នកចូលលួចស្រាបៀរ)។ ទី២-ឈ្មោះហួន កាន់ អាយុ១៦ឆ្នាំ មានលំនៅ ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច (ជាអ្នកចូលលួច) និងទី៣-ឈ្មោះប៊ូ បាន អាយុ២៣ ឆ្នាំ មានលំនៅ ភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ (ជាអ្នកដឹកស្រាបៀរ)។ ចំណែកជនរងគ្រោះជាម្ចាស់តូបចាប់ហួយ មានឈ្មោះម៉ៅ ចំរើន ភេទស្រី មានលំនៅក្នុងភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីលួចស្រាបៀរ និងមី បានកើតឡើងនៅចំណុចតូបលក់ចាប់ហួយ មួយកន្លែង ស្ថិតក្នុងភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ដោយម្ចាស់ផ្ទះរងគ្រោះ ឈ្មោះម៉ៅ ចំរើន បានអះអាងថា បានបាត់ស្រាបៀរ ចំនួន១៦កេស និងមី ចំនួន១២កំប៉ុង។ លុះឆែកកាមេរ៉ាសុវត្ថិភាព បានប្រទះឃើញជនសង្ស័យ២នាក់ បានធ្វើ សកម្មភាពចូលមកលួចយកស្រាបៀរ និងមី នៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០២៤ រួចបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញស្រុកកំពង់ត្រឡាច បានបើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណរបស់ក្រុមជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៣នាក់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចស្រាបៀរ និងមី ពីតូបលក់ចាប់ហួយ របស់ជនរងគ្រោះ ប្រាកដមែន។
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕