ខេត្តសៀមរាប ៖ រដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងអាវុធហត្ថស្រុក បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីដើរចៀរដើមអាកាស្យា ក្នុងចម្ការឈើដាំរបស់រដ្ឋ អស់ចំនួន៥០ដើម។

ការឃាត់ខ្លួនបុរសចំណាស់នេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចចម្ការឈើដាំរបស់រដ្ឋ ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។

បុរសសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធួន នឿម អាយុ៦៣ឆ្នាំ មុខរបរលក់ឃ្មុំ បច្ចុប្បន្នរស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះធួន នឿម អាយុ៦៣ឆ្នាំ ដែលបានចៀរដើមអាកាស្យា ក្នុងចម្ការឈើដាំរបស់រដ្ឋ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕
