ភ្នំពេញ ៖ យុវជនជាឌីជេ (អ្នកចាក់ភ្លេងតាមហាង) ម្នាក់ បានសុំម្តាយចេញទៅជប់លៀងជាមួយមិត្តភក្តិ លុះត្រឡប់មកវិញ ជួបគ្រោះថ្នាក់តាមផ្លូវ ដោយជិះម៉ូតូលឿន ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១២នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះ មានឈ្មោះយ៉ុង សុវណ្ណា ហៅអូ ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកចាក់ភ្លេង (DJ) ស្នាក់នៅបុរីសន្តិ ភាព២ ផ្ទះលេខ 31C ផ្លូវជាតិលេខ៣ ភូមិត្រពាំងត្រយឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-0918 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីទិសដៅពីលិច ទៅកើត លុះមកដល់ចំណុច កើតហេតុ ស្រាប់តែជ្រុលទៅកៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោកទៅនឹងផ្លូវ បែកក្បាលហូរឈាម ស្លាប់មួយរំពេចតែម្តង ។ ចំណែកម៉ូតូ ដួលអូសប្រហែលជាង ១០០ម៉ែត្រ ពីជនរងគ្រោះ។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះទៅកន្លែងកើតហេតុ រួចទាក់ទងប្រាប់ដំណឹងដល់សាច់ញាតិជនរងគ្រោះ ឱ្យចុះមកទីតាំងកើតហេតុ។

ក្រោយពីទទួលបានដំណឹងដ៏រន្ធត់ខាងលើ គេឃើញក្រុមគ្រួសារជនរងគ្រោះ មកដល់ទីតាំងកើតហេតុ និងបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបានសុំលុយម្តាយ ដោយប្រាប់ថា ទៅចូលរួមកម្មវិធីជប់លៀងជាមួយមិត្តភក្តិ រួចក៏ជិះម៉ូតូចេញពីផ្ទះបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោងខាងលើ ក្រុមគ្រួសារទទួលបានដំណឹងថា ជនរងគ្រោះជួបគ្រោះថ្នាក់ ស្លាប់តាមផ្លូវតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌដង្កោ ជាបណ្តោះអាសន្ន រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ ទទួលយកត្រឡប់ទៅវិញ៕