ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ត ១គ្រឿង មកឈប់មុខឱសថស្ថាន ១កន្លែងបំណងចូលទិញថ្នាំពេទ្យ ស្រាប់តែច្រឡំជាន់ហ្គារថាហ្វ្រាំង ធ្វើឱ្យរថយន្តស្ទុះទៅបុកទម្លុះចូលឱសថស្ថាន បែកកញ្ចក់ខ្ទេច សំណាងមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦អា ស្តុបនាងមច្ឆា ត្រង់ចំណុចឱសថស្ថានរង សួគ៌ា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្ត ១គ្រឿង ម៉ាក BMW ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CD-6882 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៦អា ទិសដៅពីជើង មកត្បូង ក្នុងល្បឿនមធ្យម លុះដល់ចំណុចកើតហេតុខាងលើ បុរសវ័យចំណាស់ខាងលើបានបើករថយន្តអែបស្តាំដៃ បំណងចូលទិញថ្នាំ តែពេលនោះច្រឡំជាន់ហ្គារ ថាហ្វ្រាំង ក៏ធ្វើឱ្យរថយន្តបានស្ទុះទៅបុកទម្លុះចូលឱសថស្ថាន ពេញទំហឹង បណ្តាលឱ្យបែកខ្ទេចកញ្ចក់ បង្កការភ្ញាក់ផ្អើលទាំង ព្រឹក តែសំណាងល្អ មិនមានមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទុកពេលឱ្យភាគីបង្កហេតុនិងម្ចាស់ទីតាំងចរចាគ្នា ដោយភាគីទាំងសងខាង សុំដោះស្រាយគ្នាបញ្ចប់រឿងនៅទីតាំងកើតហេតុ៕
