Thursday, December 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លាយយួ.../នលួចជីករ៉ែមាស តំបន់កន្ទុយនាគ កម្លាំងចម្រុះចុះពិនិត្យ

ធ្លាយយួ…/នលួចជីករ៉ែមាស តំបន់កន្ទុយនាគ កម្លាំងចម្រុះចុះពិនិត្យ

ខេត្តរតនគិរី ៖ ក្រោយផ្ទុះព័ត៌មានថា មានជនជាតិវៀតណាម ជាច្រើននាក់ និងគ្រឿងចក្រច្រើនគ្រឿង ចូលជីករ៉ែមាស នៅភូមិសាស្ត្រស្រុកតាវែង តំបន់កន្ទុយនាគ ក្រុមការងារក្រសួងរ៉ែនិងថាមពល សហការជាមួយអាជ្ញាធរខេត្តរតនគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យជាក់ស្តែងនៅក្នុងភូមិសាស្ត្រខាងលើ។ ប៉ុន្តែប្រតិ បត្តិការដែលមានកម្លាំងចម្រុះ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតចូលរួមនេះ ត្រូវបានបិទព័ត៌មានជិត មិនទាន់បង្ហា ញលទ្ធផលជាសាធារណៈនៅឡើយទេ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រស្រុកតាវែង (តំបន់កន្ទុយនាគ) ខេត្តរតនគិរី មានក្រុមហ៊ុនមួយឈ្មោះ ក្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន មានអាជ្ញាបណ្ណរុករក (រ៉ែលោហៈ) ហើយកន្លងទៅក្នុងភូមិសាស្ត្រខាង លើ សមត្ថកិច្ចបានចាប់ជនជាតិវៀតណាម ច្រើននាក់ និងគ្រឿងចក្រច្រើនគ្រឿង ដែលលួចជីករ៉ែមាស។

ជុំវិញប្រតិបត្តិការខាងលើនេះ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានទាក់ទងទៅលោកអ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី អំពីលទ្ធផលកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំខាងលើ តែមិនទាន់ទទួលបានចម្លើយនៅឡើយទេ។

ចំណែកលោក ស៊ូ សិរី អ្នកនាំពាក្យសាលាខេត្តរតនគិរី បានប្រាប់យ៉ាងខ្លីថា លោកមិនទាន់បានទទួលព័ត៌មានខាងលើនេះនៅឡើយទេ។

ដោយឡែក តាមសេចក្តីរាយការណ៍ផ្សេងទៀត បានឱ្យដឹងថា ជនជាតិវៀតណាម ច្រើននាក់ និងគ្រឿងចក្រច្រើនគ្រឿង បានចូលទៅតំបន់កន្ទុយនាគ ជីកកកាយរ៉ែមាស អាចពាក់ព័ន្ធនឹងមន្ត្រីសមត្ថកិច្ចមួយចំនួន ដែលបើកភ្លើងខៀវឱ្យ៕

RELATED ARTICLES