ភ្នំពេញ៖សុគន្ធ និសា បានងាកមកចាប់ដៃគូជាមួយសិស្សប្អូន២នាក់នោះគឺលោកនីកូ និងនួន សុធារក្ស តាមរយៈបទចម្រៀងជាប្រវត្តិរឿងស្នេហាក្នុងស្រុកស៊ីផាន់«ឃុនឆាង ឃុនផែន » និងនាងភឹម ដែលនិសា ច្រៀងបទ«ម្នាក់ស្រលាញ់ ម្នាក់អាណិត » ខណៈដែលនីកូ ច្រៀងបទ«ប្រាប់ផង » ។នេះគឺជាយុទ្ធសាស្រ្ដថ្មីរបស់និសា ក្នុងការវាយលុកទីផ្សារចម្រៀងឲ្យមានការប្រែប្រួល និងការទាក់ទាញ ព្រោះភាពដដែលៗជាសត្រូវរបស់អ្នកទស្សនា ហេតុនេះគេចាំមើលថាតើនិសា អាចនឹងមានការគាំទ្រច្រើនឡើងវិញទេ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះនាងអត់សូវមានបទល្បីៗទៀតឡើយ រហូតនាងសម្រេចចិត្តដើរចេញពីហង្សមាសមកផលិតបទចម្រៀងដោយខ្លួនឯងតែម្ដង ។ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកនិសា ប្រាប់ថានាងមិនចង់ច្រៀងសម្ដែងជាមួយតារាដែលមានវ័យក្មេងជាងខ្លួននោះទេ តែពេលនេះនាងបត់បែនទៅតាមពេលវេលាហើយ ព្រោះនីកូ និងសុធារក្ស សុទ្ធតែជាអ្នកចម្រៀងដែលមានអាយុប្អូននាងជាច្រើនឆ្នាំ ហើយអ្នកទាំង៣ នៅតែអាចចាប់ដៃគ្នាច្រៀងសម្ដែងដោយរលូនដែលចម្រៀងបុរាណជាខ្សែរឿង«ឃុនឆាង ឃុនផែន » នោះនឹងចេញនៅដើមឆ្នាំ២០២៥ ខាងមុខនេះហើយ ។

សូមបញ្ជាក់ថាសុគន្ធ និសា ចេញចម្រៀងបាន២បទហើយក្រោយដើរចោលហង្សមាស ងាកមកធ្វើបទដោយខ្លួនឯងនោះគឺបទ«ពេលខ្ញុំដួល អ្នកនៅឯណា ?» និងបទ«អារម្មណ៍ចាស់ ៗ» ។និសា ក៍នៅតែផ្ដោតលើការផលិតបទបែបមនោសញ្ចេតនាទៅតាមទឹកដមសម្លេង និងកាយវិការរបស់ខ្លួន បើទោះជានៅឆាកធំៗគេឃើញតារាល្បីៗ ច្រើនតែច្រៀងបទញាក់ទៅតាមការចង់បានរបស់អ្នកដឹកនាំប្រគុំតន្ត្រីក្ដី តែនិសា មិនសម្រុកទៅលើការធ្វើចម្រៀងវាយលុកបទញាក់ដូចតារាផ្សេងៗទៀតឡើយ ។


សុគន្ធ និសា ទើបតែប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៧ឆ្នាំកាលពីថ្ងៃទី០១ ធ្នូ ហើយនាងច្រៀងរៀបរាប់ពីប្រវត្តិស្នេហាជាមួយស្វាមីនាងលោកចៅ សម្បត្តិ បទ«អារម្មណ៍ចាស់ៗ» ដែលមើលទៅនាងនិងស្វាមីស្រលាញ់និងទុកចិត្តគ្នាខ្លាំង បើទោះជាមិនទាន់បានកូន១គ្រាប់តពូជក៍ដោយ ។ប្រភពបានឲ្យដឹងថានៅរដូវក្ដៅនេះនិសា ទទួលបានការច្រៀងសម្ដែងដូចអំឡុងពេលនាងឈរជើងនៅហង្សមាសដែរ ហេតុនេះហើយបានជានាងមិនបារម្ភពីទីផ្សារធ្លាក់ចុះនោះទេ គឺមានតែប្រឹងបង្កើនសកម្មភាពសិល្បៈឲ្យបានច្រើន ពិសេសការផលិតបទចម្រៀងនោះតែម្ដងដែលបើសិនជានាងចេញបទទៅត្រូវចិត្តអ្នកស្ដាប់គឺនឹងទៅមុខ ប្រសិនបើធ្វើបទខុសទីផ្សារនឹងធ្លាក់ថែមទៀតជាមិនខាន ។តែនិសា មានក្រុមហ៊ុនស្រាបៀរមួយជាSponsor ដល់បទថ្មីៗរបស់នាង គឺដូចគ្នាទៅនិងមាស សុខសោភា និងពេជ្រ សូលីកា ជាដើម ដែលបទចម្រៀងថ្មីៗរបស់ពួកគេមានSponsor នៅពីក្រោយគាំទ្រ ហើយតារាដែលចាកចេញពីផលិតកម្មមកផលិតបទដោយខ្លួនឯងនោះនៅតែរក្សារបានទីផ្សារដូចមុនដដែល អីចឹងគេចាំមើលថាតើអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ល្បីថែមទៀតឬយ៉ាងណាក្រោយច្រៀងអត់ផលិតកម្ម។

អ្នកជំនាញសិល្បៈបានលើកឡើងថាករណីសុគន្ធ និសា បើចង់ពង្រឹងទីផ្សារចម្រៀងរបស់ខ្លួនឡើងវិញគឺអាចទៅរួចព្រោះនាងនៅតែរក្សារបានរូបសម្រស់ផូផង់ មិនឡើងគីឡូ ឬបែកសាច់ខ្លាំងនោះទេ ក្រោយមានប្ដីជាង៧ឆ្នាំមកនោះ ។ប៉ុន្ដែបញ្ហាសំខាន់និសា ត្រូវតែមានអ្នកនិពន្ធជើងខ្លាំងម្នាក់ដែលយល់ច្បាស់ពីការប្រើប្រាស់សម្លេងរបស់នាងទើបអាចវាយលុកទីផ្សារចម្រៀងជាថ្មីបាន ។

ក្រៅពីសុគន្ធ និសា តារាដែលងាកមកផលិតបទចម្រៀងដោយខ្លួនឯងនៅឆ្នាំ២០២៤ នេះមានដូចជាមាស សុខសោភា ,ពេជ្រ សោភា ,ពេជ្រ សូលីកា ,ទេព បូព្រឹក្ស ,ដួង វីរៈសិទ្ធ និងងួន ចាន់ដេវីត ជាដើម ។សម្រាប់និសា វិញបន្ទាប់ពីចេញពីហង្សមាសជាលើកទី២ នាងពិបាករកដៃគូច្រៀងឆ្លងឆ្លើយ ខណៈអំឡុងនៅហង្សមាសនាងធ្លាប់ចាប់ដៃជាមួយលោកព្រាប សុវត្ថិ ,រិន សាវ៉េត ,ឆន សុវណ្ណារាជ ,ណុប បាយ៉ារិទ្ធ និងសំ សុណ្ណារ់ាក់ ជាដើម ៕

