ភ្នំពេញ៖លោកគួច ខេវិន បង្ហាញអារម្មណ៍រីករាយនៅពេលដែលលោកនាយកសាលាឯកជនមិត្តភាព«MPS» ផ្ដល់នូវអាហាររូបករណ៍ដល់កុមារកំព្រាភ្លោះទាំង៣នាក់រស់នៅអត់ឪពុកម្ដាយរយៈពេល៦ឆ្នាំមកហើយនៅខេត្តកំពត រួមទាំងសប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលបានជួយពួកគេក្នុងនោះក៍មានលោកTony Son អាណិកជនខ្មែរមកពីអាមេរិកផងម្នាក់ដែរ ដែលបានជួយដល់ក្មេងកម្សត់ទាំង៣នូវថវិការមួយចំនួនរយៈពេលពេញ១ឆ្នាំ ។សម្រាប់លោកខេវិន ផ្ទាល់សន្យាថានឹងបន្ដជួយប្អូនៗទាំង៣ ទៅតាមស្ថានភាពជាក់ស្ដែងនាពេលខាងមុខតទៅទៀត ។


លោកខេវិនចាត់ទុកកាយវិការសប្បុរសធ័មរបស់សប្បុរសជនទាំងអស់ បញ្ជាក់ពីការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់បំផុតរបស់សប្បុរសជនក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរឲ្យមានចំណេះវិជ្ជា មានក្ដីសង្ឃឹម មានសីលធ័ម សុជីវធ័ម គុណធ័ម ឧត្តមឧត្តមតទៅអនាគត ។ជាមួយគ្នានេះដែរជំនួសឲ្យកុមារកំព្រាទាំង៣លោកគួច ខេវិន ក៍សម្ដែងការអរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅស្រុកដែលជួយពួកគេឲ្យមានក្ដីសង្ឃឹមក្នុងជីវិត ដោយលោកយល់ថាមានតែបណ្ដុះបណ្ដាលពួកគេឲ្យក្រេបចំណេះវិជ្ជាទាន់នៅក្មេងៗ ខិតខំរៀនសូត្រនេះហើយ ទើបអាចចម្លងជីវិតក្មេងកម្សត់ទាំង៣ឲ្យប្រែក្លាយទៅជាមានពន្លឺក្នុងជីវិត ព្រោះមានចំណេះវិជ្ជា អាចកែប្រែ ខ្សែជីវិតពួកគេបានឲ្យភ្លឺស្វាងបាននាពេលអនាគត ។


លោកគួច ខេវិនៈដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា«ព្រឹទ្ធាចារ្យខ្មែរ រមែងប្រៀនប្រដៅថា«ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង»។ ដែកដែលដុតក្តៅស្ទើតែរលួយអាចដំពត់ធ្វើកាំបិត កន្ត្រៃ កណ្តៀវបានយ៉ាងងាយ រីឯក្មេងៗដែលរស់ក្នុងត្រកូលគ្រួសារណាក៏ដោយពួកគេនឹងទទួលយកនូវដំបូន្មានប្រៀនប្រដៅរបស់ម្តាយឪពុកតាំងតែពីតូចៗរហូតចម្រើនវ័យ អាស្រ័យហេតុនេះ ម្តាយឪពុកក៏រមែង និងគួរគប្បីស្តីប្រដៅបង្រៀនកូនឱ្យស្របនឹងគន្លងធ័ម កុំចចើងតម្កើងឫកបណ្តោយឱ្យទំនើងតាមអំពើចិត្តតាំងតែពីតូច នោះនាំឱ្យខូចមនុស្សក្លាយជាអន្ធពាលនៅពេលធំឡើង ពិបាកនឹងកែបាន។ សូមឪពុកម្តាយទាំងឡាយថែទាំកូនទាំងសុខភាពផ្លូវកាយ ទាំងសុខភាពផ្លូវចិត្ត ឱ្យបានប្រពៃរ៍»។


គួររំលឹកថាកាលពីចុងខែ១១ឆ្នាំ២០២៤ លោកគួច ខេវិន បានចុះទៅជួបក្មេងកំព្រាភ្លោះទាំង៣នាក់រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដែលកូនទី១៖ឈ្មោះជា ,កូនទី២៖ឈ្មោះហេង និងកូនទី៣៖ឈ្មោះលាភ ពួកគេមានអាយុ៦ឆ្នាំរៀនថ្នាក់ទី១ និងសព្វថ្ងៃរស់នៅផ្ញើរខ្លួនជាមួយលោកយាយនិងតា របស់ពួកគេ ។ប្រភពបានឲ្យដឹងថាក្មេងប្រុសភ្លោះទាំង៣នាក់ ត្រូវម្ដាយរត់ចោលតាំងពីពួកគេកើតបានអាយុ៣ខែម្លេះ ខណៈដែលឪពុកគេវិញពេលនេះកំពុងជាប់ពន្ធនាគារ ។ពេលនោះលោកខេវិន បានជួយក្មេងកំព្រាទាំង៣ឲ្យមានរស្មីជីវិត ហើយលោកបានផ្ដល់ក្ដីសង្ឃឹមឲ្យប្អូនៗអត់មេបាទាំង៣ ចាប់ផ្ដើមមានសង្ឃឹមតាមរយៈការរកបានសាលាផ្ដល់អាហាររូបករណ៍១០០%ដល់ប្អូនៗរហូតដល់ចប់ថ្នាក់ទី១២ ព្រោះ«វិជ្ជាជាទ្រព្យ គាប់ប្រសើរបំផុត » ៕



