ខេត្តបន្ទាយមានជ័យ ៖ បន្ទប់ស្នាក់នៅរបស់ជនបរទេស ចំនួន២បន្ទប់ ស្ថិតនៅជាន់ទី៦ នៃអគារកម្ពស់ ៩ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់សម្ភារនិងទ្រព្យសម្បត្តិជាច្រើន ដោយមូលហេតុម្ចាស់បន្ទប់ដោតបំពង់ទឹកក្តៅចោល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជាន់ទី៦ នៃអគារ៩ជាន់ ដែលជនបរទេសជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យ ក្រុងប៉ោយប៉ែត បានប្រាប់ថា នៅពេលដែលអគារ ៩ជាន់ ដែលជនបរទេសជួលស្នាក់នៅ ឆាបឆេះនៅជាន់ទី៦ គឺកម្លាំងជាច្រើននាក់ និងរថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង បានជួយអន្តរាគមន៍ បាញ់ទឹកតាមចំហៀង និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ រយៈពេលជាងកន្លះម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន ព្រោះចូលទៅខាងក្នុងផ្សែងខ្លាំង។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ មានការចូលរួមពីកម្លាំងជាច្រើននាក់ រួមមាន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលវរៈការពារព្រំដែនគោក លេខ៩១១ និង៨៩១ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុង ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុម ហ៊ុនកាស៊ីណូ ប៉ោយប៉ែត ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ជាច្រើនឡាន។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានឆេះនៅជាន់ទី៦ ដោយខូចខាតបន្ទប់ចំនួន២ និងសម្ភារៈរបស់ភ្ញៀវជួលស្នាក់នៅជាជនបរទេស។ ចំណែកមូលហេតុ បង្កឡើងដោយម្ចាស់បន្ទប់ បានដោតបំពង់ទឹកក្តៅចោល ទើប បណ្តាលឆ្លងចរន្ត ផ្ទុះឆាបឆេះតែម្តង។ យ៉ាងណា ហេតុការណ៍ អគ្គិភ័យខាងលើ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

